អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឃាត់បុរសចិនម្នាក់ជាមួយគ្រឿងញៀនជិត៥គីឡូក្រាមនិងហេរ៉ូអ៉ីន១៤ដុំ

ភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌចំការមន សហការជាមួយកម្លាំងប៉ូលិសរាជធានីភ្នំពេញ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋាន ឃាត់បុរសជនជាតិចិនម្នាក់និងដកហូតថ្នាំញៀនជាច្រើនគីឡូក្រោម កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ ២០២០ ត្រង់ចំណុចជិតស្ពានហង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប៉ូលិសខណ្ឌចំការមនបានឱ្យដឹងថា កម្លាំងប៉ូលិសខណ្ឌចំការមនសហការ ជាមួយសមត្ថកិច្ចរាជធានីបានដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋានស្រាប់តែឃើញរថយន្តប្រភេទ Lexus GS 300 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2W-7669 បើកបរដោយបុរសជនជាតិចិនម្នាក់ និងស្ត្រីម្នាក់រួមមានកូនតូចប្រុសស្រី២នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរពីលិចទៅកើត ចូលគោលដៅក្នុងល្បឿនលឿនមិនបានឈប់ឱ្យកម្លាំងសមត្ថកិច្ចត្រួតពិនិត្យនោះទេ។ 

ប៉ូលិសបន្តថា រថយន្តនោះបានបន្ថែមល្បឿនបើកគេចចេញពីគោលដៅទៅបុកប៉ារាស់ ឆ្ពោះចូលក្នុងកោះពេជ្រត្រូវបានសមត្ថកិច្ចជិះម៉ូតូដេញពីក្រោយ ខណៈមកជិតខុនដូមួយកន្លែងបានឈប់រថយន្ត រួចក៏បានបោះថង់ខ្មៅដែលដាក់គ្រឿងញៀនបោះចោលនៅជិតរថយន្ត រួចរត់គេចខ្លួនបាត់បន្សល់ទុកនៅកូនតូចប្រុសស្រី២នាក់នៅក្នុងរថយន្ត។ ក្រោយហេតុការណ៍ សមត្ថកិច្ចឆែកឆេរ ក្នុងថង់ខ្មៅ ឃើញសុទ្ធតែគ្រឿងញៀនជិត៥គីឡូក្រោម។ 

ប៉ូលិសបានបន្តទៀតថា សមត្ថកិច្ចបន្តទៅឆែកបន្ទប់ពេលមិនទាន់ដល់បន្ទប់ផង ស្រាប់តែឃើញជនជាតិចិន ដើរចេញពីខាងក្នុងសណ្ឋាគារមានយួរវ៉ាលីខ្មៅចេញមកខាងក្រៅបានបន្តិច ស្រាប់តែជនជាតិចិនរូបនោះបានរត់បម្រុងសំដៅឡើងរថយន្ត ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ហើយបានឆែកឆេររកគ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ីន ចំនួន១៤ដុំ​ទៀតថែមទៀត។

បច្ចុប្បន្នបុរសជនជាតិចិនរួមទាំងវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាមត្រូវបានប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីនៃច្បាប់៕ 

adverise with khmeread