ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីប្រើអំពើហិង្សាដោយចេតនានិងប្រើប្រាស់គ្រឿងញៀន

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីប្រើអំពើហិង្សាដោយចេតនានិងប្រើប្រាស់គ្រឿងញៀនកើតឡើង នាថ្ងៃចន្ទ២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨យប់ នៅចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សុខ យ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករមានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះជំនាញ ចាន់និត ភេទប្រុសអាយុ ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក កាំបិតផ្គាក់ចំនួន០១ផ្លែធ្វើអំពីដែកដងធ្វើអំពីឫស្សី។ 

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានអង្គុយផឹកស្រាបៀរនៅផ្ទះឈ្មោះជាតិ ហើយជនសង្ស័យបានជិះកង់ទៅដល់មុខផ្ទះឈ្មោះជាតិ ក៏បានយកកំប៉ុងស្រាបៀរគប់ទៅលើដំបូលផ្ទះឈ្មោះជាតិហើយស្រែកឱ្យជនរងគ្រោះចេញមកវ៉ៃគ្នាមួយស្មើតែជនរងគ្រោះមិនបានចេញមកទេ។ពេលនោះជនសង្ស័យបានដើរចូលទៅវាយជនរងគ្រោះមួយដៃចំថ្គាមហើយបានយកកាំបិតផ្គាក់ដេញកាប់ទៅលើជនរងគ្រោះថែមទៀត តែត្រូវបានអ្នកផឹកស៊ីជាមួយនៅទីនោះឃាត់។

បន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកគយពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាមកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយជនសង្ស័យបានគេចខ្លួនបាត់។លុះព្រឹកឡើងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង០៩ និង៣០នាទីសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ។ 

នៅចំពោះមុខប៉ូលិស ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះនិងបានយកកាំបិតគំរាមកាប់ជនរងគ្រោះពិតប្រាកដមែន។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់៕


 

adverise with khmeread