ករណីទីមួយលើលោក អ្នកបម្រើប្ដឹងមហាសេដ្ឋីជាម្ចាស់របស់ខ្លួន ហើយឈ្នះក្ដីទៀត

នាងគឺជាអ្នកបម្រើជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលរកចំណូលបាន៦០០ដុល្លារសិង្ហបុរី (៤៣៨ដុល្លារ) ក្នុងមួយខែធ្វើការឱ្យគ្រួសារអ្នកមានបំផុតមួយនៅសិង្ហបុរី។

ហើយគាត់គឺជានិយោជករបស់នាង ដែលបានបង្កើតអាជីវកម្មធំៗនៅប្រទេសសិង្ហបូរី និងជាប្រធានក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេសនេះ។

ថ្ងៃមួយគ្រួសាររបស់គាត់បានចោទប្រកាន់ពីបទនាងលួចទ្រព្យសម្បត្តិពីពួកគេ។ ពួកគេបានប្តឹងនាងទៅប៉ូលិស ដែលបង្កឱ្យមានរឿងក្តីឡើងដល់តុលាការកំពូល ដោយចោទប្រកាន់នាងថាលួចកាបូបលុយប្រណីត ក្បាលចាក់ DVD និងសូម្បីតែសម្លៀកបំពាក់។

ប៉ុន្ដែនៅដើមខែនេះទីបំផុត នាង Parti Liyani ត្រូវបានតុលាការកាត់ឱ្យរួចទោស។

នាងប្រាប់អ្នកកាសែតថា "ខ្ញុំមានក្ដីរំភើបណាស់ ដែលទីបំផុតមានសេរីភាព។ ខ្ញុំបានតស៊ូក្ដីអស់រយៈពេល៤ឆ្នាំហើយ"។

ប៉ុន្តែករណីរបស់នាងបានជំរុញឱ្យមានសំណួរអំពីវិសមភាព និងសិទ្ធិទទួលបានយុត្តិធម៌នៅប្រទេសសិង្ហបូរី ដោយមនុស្សជាច្រើនបានសួរថាតើនាងអាចត្រូវគេរកឃើញថាមានពិរុទ្ធតាំងពីដំបូងយ៉ាងដូចម្តេច។

នាង Parti បានចាប់ផ្តើមធ្វើការដំបូងនៅផ្ទះរបស់លោក Liew Mun Leong ក្នុងឆ្នាំ ២០០៧ ជាកន្លែងដែលសមាជិកគ្រួសារជាច្រើនរួមទាំងកូនប្រុសរបស់គាត់ឈ្មោះ Karl រស់នៅទីនោះ។

នៅខែមីនាឆ្នាំ ២០១៦ លោក Karl Liew និងគ្រួសារបានផ្លាស់ចេញពីផ្ទះនិងរស់នៅកន្លែងផ្សេង។

ឯកសាររបស់តុលាការដែលរៀបរាប់លម្អិតពីព្រឹត្តិការណ៍នានាលើកឡើងថា នាង Parti ត្រូវបានស្នើសុំឱ្យសម្អាតផ្ទះ និងការិយាល័យថ្មីរបស់គាត់ក្នុង "ឱកាសជាច្រើន" ដែលរំលោភបទបញ្ជាការងារមូលដ្ឋាន ហើយនាងក៏ធ្លាប់បានត្អូញត្អែរដែរ។

ប៉ុន្មានខែក្រោយមកក្រុមគ្រួសាររបស់លោក Liew បានប្រាប់នាង Parti ថានាងត្រូវបានគេបណ្តេញចេញដោយមានការសង្ស័យថានាងបានលួចរបស់របរពីពួកគេ។

ប៉ុន្តែនៅពេលដែលលោក Karl Liew បានប្រាប់ Parti ថាការងាររបស់នាងត្រូវបានបញ្ឈប់ នាងបានប្រាប់គាត់ថា "ខ្ញុំដឹងពីមូលហេតុដែលអ្នកខឹងពីព្រោះខ្ញុំបដិសេធមិនសម្អាតបង្គន់របស់អ្នក" ។

នាងត្រូវបានផ្តល់ពេល ២ ម៉ោងដើម្បីវេចខ្ចប់របស់របររបស់នាងទៅក្នុងប្រអប់ជាច្រើន ដែលក្រុមគ្រួសារនឹងដឹកទៅប្រទេសឥណ្ឌូនេស៊ី។ នាងបានជិះយន្ដហោះត្រឡប់ទៅផ្ទះវិញក្នុងថ្ងៃតែមួយ។

ពេលកំពុងវេចខ្ចប់នាងបានគំរាមប្តឹងទៅអាជ្ញាធរសិង្ហបុរីអំពីការស្នើសុំឱ្យសម្អាតផ្ទះរបស់លោក Karl Liew ។

គ្រួសារ Liew បានសម្រេចចិត្តឆែកប្រអប់បន្ទាប់ពីការចាកចេញរបស់នាង Parti ហើយបានអះអាងថា ពួកគេបានរកឃើញរបស់របរនៅខាងក្នុងដែលជារបស់ពួកគេ។ លោក Liew Mun Leong និងកូនប្រុសបានដាក់ពាក្យបណ្តឹងទៅប៉ូលិសនៅថ្ងៃទី ៣០ ខែតុលា។

នាង Parti បាននិយាយថាមិនដឹងអំពីរឿងនេះទេរហូតដល់ ៥ សប្តាហ៍ក្រោយមកនៅពេលដែលនាងបានហោះហើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីស្វែងរកការងារថ្មីហើយត្រូវបានចាប់ខ្លួននៅពេលមកដល់ប្រទេសនេះ។

ដោយមិនអាចធ្វើការបានខណៈដែលនាងជាកម្មវត្ថុនៃដំណើរការនីតិវិធីព្រហ្មទណ្ឌនាងបានស្នាក់នៅក្នុងជម្រករបស់ពលករចំណាកស្រុក ហើយពឹងផ្អែកលើពួកគេសម្រាប់ជំនួយហិរញ្ញវត្ថុនៅពេលដែលរឿងក្តីបានអូសបន្លាយ។

នាង Parti ត្រូវគេចោទប្រកាន់ពីបទលួចរបស់របរផ្សេងៗពី Liews រួមមានសម្លៀកបំពាក់ចំនួន ១១៥ កំផ្លេ កាបូបយួរដៃប្រណីត ក្បាលចាក់ DVD និងនាឡិកាម៉ាក Gerald Genta ។ វត្ថុទាំងអស់នេះសរុបមានតម្លៃ ៣៤.០០០ដុល្លារសិង្ហបុរី។

ក្នុងអំឡុងពេលជំនុំជម្រះ នាងបានអះអាងថាវត្ថុដែលលួចទាំងនេះគឺជារបស់របររបស់នាង ជាវត្ថុបោះចោលដែលនាងបានរកឃើញ ឬរបស់ដែលនាងមិនបានដាក់ចូលទៅក្នុងប្រអប់ដោយខ្លួនឯង។

នៅឆ្នាំ ២០១៩ ចៅក្រមស្រុកម្នាក់បានរកឃើញថានាងមានពិរុទ្ធភាពហើយបានផ្តន្ទាទោសនាងឱ្យជាប់គុក ២ ឆ្នាំ ២ ខែ។ នាង Parti បានសម្រេចចិត្តប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។ រឿងក្ដីនេះបានអូសបន្លាយរហូតមកដល់ដើមខែនេះនៅពេលដែលតុលាការជាន់ខ្ពស់របស់ប្រទេសសិង្ហបុរីបានកាត់ឱ្យនាងរួចទោស។

ចៅក្រមឈ្មោះ Chan Seng Onn បានសន្និដ្ឋានថាក្រុមគ្រួសារនេះមាន "ហេតុផលមិនត្រឹមត្រូវ" ក្នុងការប្តឹងចោទប្រកាន់នាង ប៉ុន្តែក៏បានលើកឡើងអំពីបញ្ហាជាច្រើនអំពីរបៀបដែលប៉ូលិស រដ្ឋអាជ្ញា និងចៅក្រមក្នុងស្រុកដោះស្រាយករណីនេះ។

គាត់បាននិយាយថា មានហេតុផលដើម្បីជឿថាក្រុមគ្រួសាររបស់ Liew បានប្តឹងប៉ូលិសប្រឆាំងនឹងនាងដើម្បីបញ្ឈប់នាងពីការដាក់ពាក្យបណ្តឹងអំពីការបញ្ជូននាងធ្វើការដោយខុសច្បាប់នៅផ្ទះរបស់លោក Karl Liew ។

ចៅក្រមបានកត់សម្គាល់ថារបស់របរជាច្រើនដែលត្រូវបានចោទប្រកាន់ថាលួចដោយនាង Parti គឺពិតជាខូចអស់ទៅហើយ ដូចជានាឡិកាបាត់ត្រនិក និងទូរស័ព្ទ iPhone ពីរគ្រឿងអត់ដំណើរការ និងនិយាយថា វាគឺជាការលួចមិនប្រក្រតី ដែលរបស់របរជាច្រើនខូចស្ទើរតែទាំងអស់។

លើសពីនេះទៀតចៅក្រម Chan ក៏បានសាកសួរពីភាពជឿជាក់របស់លោក Karl Liew ជាសាក្សីផងដែរ។

លោក Karl Liew បានចោទប្រកាន់នាង Parti ពីបទលួចកាំបិតពណ៌ផ្កាឈូកដែលគាត់បានទិញនៅចក្រភពអង់គ្លេស និងយកវាទៅកាន់ប្រទេសសិង្ហបុរីវិញនៅឆ្នាំ ២០០២ ។ ប៉ុន្តែក្រោយមកគាត់បានសារភាពថាកាំបិតនេះមានការរចនាម៉ូតទំនើប ដែលមិនអាចផលិតបាននៅចក្រភពអង់គ្លេសមុនឆ្នាំ ២០០២ ទេ។

លោក Karl Liew ក៏បានអះអាងថា សម្លៀកបំពាក់ផ្សេងៗជាច្រើនរួមមានអាវស្ដ្រី រកឃើញជាកម្មសិទ្ធិរបស់នាង Parti ប៉ុន្ដែក្រោយមកគាត់មិនចាំថាតើគាត់ជាម្ចាស់នៃសម្លៀកបំពាក់ណាខ្លះទេ។ នៅពេលសួរថាហេតុអ្វីបានជាគាត់មានអាវស្ដ្រី គាត់និយាយថា គាត់ចូលចិត្តអាវប្រភេទនេះ ដែលការអះអាងនេះ "រឹតតែមិនគួរឱ្យជឿ"។

ករណីនេះបានចាក់ដោតប្រទេសសិង្ហបុរជាខ្លាំង ដែលនាំឱ្យមានការផ្ទុះកំហឹងទៅលើគ្រួសាររបស់លោក Liew ។ មនុស្សជាច្រើនបានយល់ថាករណីនេះជាឧទាហរណ៍មួយនៃពួកអ្នកមាន និងពួកវណ្ណៈអភិជន ដែលបានសម្លុតកំហែងអ្នកក្រនិងអ្នកដែលគ្មានអំណាច ហើយរស់នៅដោយគោរពតាមច្បាប់ដាក់ចេញដោយខ្លួនឯង។

បន្ទាប់ពីមានការរិះគន់ជាសារធារណៈ លោក Liew Mun Leong ក៏បានប្រកាសពីការចូលនិវត្តន៍ពីតួនាទីជាប្រធានក្រុមហ៊ុនល្បីឈ្មោះមួយចំនួន។

ហើយទីបំផុតនាង Parti អាចស្នាក់នៅក្នុងប្រទេសសិង្ហបុរី និងប្រឆាំងនឹងករណីរបស់នាងដោយសារតែការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល និងមេធាវី Anil Balchandani ដែលជួយដោយស្ម័គ្រចិត្ត ប៉ុន្តែបើគិតថ្លៃឈ្នួលវិញគឺ ១៥០.០០០ ដុល្លារសិង្ហបុរីឯណោះ៕ ប្រភព ៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត