នាយប៉ូលិសមួយរូបដែលដកកាំភ្លើងខ្លីគំរាមម្ចាស់ហាងគុយទាវ «អង្គរជុំសាខាទួលគោក»​ នឹងប្រឈមចំពោះមុខច្បាប់

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន អំពីវីដេអូសកម្មភាពរបស់ប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃគឺលោក ថ្លាង ភិនរ៉ាដកកាំភ្លើងភ្ជង់ពលរដ្ឋរួចមក លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានចេញវិធានការនិងចំណាត់ការតាមផ្លូវច្បាប់ចំពោះមន្ត្រីប៉ូលិសខាងលើនេះ ដោយហៅមកធ្វើកំណត់ហេតុ, ឱ្យសារភាពពីទោសកំហុស, ឱ្យសម្របសម្រួល ឬសុំទោសចំពោះជនរងគ្រោះ បើសិនពិតជារកឃើញកំហុសមែន ហើយប្រសិនបើការសម្របសម្រួលមិនត្រូវគ្នាទេ នឹងបញ្ជូនទៅតុលាការនិងដាក់ពិន័យកងកម្លាំង។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋានប៉ូលិសជាតិ បានបញ្ជាក់ថា អគ្គស្នងការដ្ឋានប៉ូលិសជាតិ មិនបានទុកសកម្មភាពរបស់មន្ត្រីប៉ូលិសណាដែលខុសឆ្គង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងប៉ូលិសជាតិទាំងមូលទេ គឺតែងតែដាក់ទោសទណ្ឌចំពោះប៉ូលិសដែលប្រព្រឹត្តបទល្មើសជានិច្ច។

គួររម្លឹកថា  ម្ចាស់ហាងគុយទាវ «អង្គរជុំសាខាទួលគោក» រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងលោកប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ឈ្មោះ ថ្លាង ភិនរ៉ា បន្ទាប់ពីមន្ត្រីប៉ូលិសរូបនេះបានដកកាំភ្លើង អាមេបញ្ចូលគ្រាប់ គំរាមបាញ់សម្លាប់រូបលោក និងភរិយា ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ហើយថាលោកម្ចាស់ហាងប្ដឹងទាមទារជំងឺចិត្ត១០ម៉ឺនដុល្លារ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក, ឯអ្នកដកកាំភ្លើងគំរាមបាញ់ទៅលើម្ចាស់ហាង គឺលោក ថ្លាង ភិនរ៉ា ជាមន្ត្រីប៉ូលិស ឋាន:ជាប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ។ 

លោក ជុយ សុខហេង ម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក បានប្ដឹងលោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ ទៅកាន់ស្ថាប័នចំនួន៣រួមមាន ១- ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ២- ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ៣- ប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពបន្តថា ការប្ដឹងនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីប៉ូលិសខាងលើបានជេរប្រមាថ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ និងភរិយា ដោយដកកាំភ្លើងពីចង្កេះអាមេបញ្ចូលគ្រាប់គំរាមទៅលើជនរងគ្រោះ និងភរិយា ដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាងគុយទាវអង្គរជុំ សាខាទួលគោកផ្ទាល់តែម្ដង។ 

ក្នុងពាក្យបណ្ដឹងជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឱ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីប៉ូលិសរូបនោះធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបាន។

ទាក់ទិននឹងករណីនេះ អង្គភាពខ្មែររីដ មិនអាចទាក់ទងសុំការបំភ្លឺពីលោក ថ្លាង ភិនរ៉ា បាននៅឡើយ ហើយយើងរង់ចាំការបំភ្លឺបកស្រាយពីភាគីពាក់ព័ន្ធទាំងអស់៕

adverise with khmeread