Jamie Carragher: Kevin de Bruyne គឺជាកីឡាករឆ្នើមបំផុតទី៣ក្នុងពិភពលោក

        អតីត​ខ្សែការពារក្លឹប Liverpool លោក Jamie Carragher ទទួលស្គាល់ថា ខ្សែបម្រើ​ Kevin de Bruyne របស់​ក្លឹប Man City គឺជា​កីឡាករ​ឆ្នើមបំផុតទី​៣នៅក្នុងវិស័យបាល់ទាត់​ពិភព​លោក។

        ៥រដូវកាលចុងក្រោយបន្ទាប់ពីក្លឹប City បានចុះកិច្ចសន្យាផ្ទេរ Kevin មកពីក្លឹប Wolfsburg កាលពីរដូវក្តៅឆ្នាំ​២០១៥​នោះ កីឡាកររូបនេះបាន​ក្លាយ​ជា​ផ្នែកសំខាន់​នៅក្នុងជ័យជម្នះ​របស់​ក្លឹបនេះ។

        កីឡាករសញ្ជាតិ​បែលហ្សិករូបនេះ​ គឺជាកីឡាករ​ឆ្នើមបំផុត​នៅពហុកីឡាដ្ឋាន Etihad ដោយ​រកបាន​៥០គ្រាប់និង​បង្កើតឱកាសរកគ្រាប់បាល់​៩០​លើកនៅក្នុងការបង្ហាញមុខ​២២៣​លើក​សម្រាប់ក្រុម​របស់​លោក Pep Guardiola ។

        ភាព​អស្ចារ្យ​របស់ Kevin អំឡុង​ពេល​បង្ហាញមុខ​ជា​លើកទី​២នៅក្របខណ្ឌព្រីមីញ៉េលីកបានធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ទទួលបាន​ការ​អបអរសាទរ ហើយ​មជ្ឈដ្ឋានជា​ច្រើនបាន​ហៅខ្សែបម្រើរូបនេះថា ជា​កីឡាករកម្រិតពិភព​លោក។

        លោក Jamie យល់ស្របនឹងការលើកសរសើរ​កីឡាករវ័យ២៩ឆ្នាំរូបនេះ ហើយ​ទទួល​ស្គាល់ថា កីឡាករ​រូបនេះ​ឈរបន្ទាប់ពី​កីឡាករ Lionel Messi របស់​ក្លឹប Barcelona និង​កីឡាករ Cristiano Ronaldo របស់​ក្លឹប Juventus ។

        Jamie បាននិយាយថា “​ខ្ញុំនឹងនិយាយដល់ឈ្មោះ Kevin នៅពេល​យើង​និយាយអំពី​កីឡាករ​ឆ្នើមបំផុត​នៅក្នុង​ពិភព​លោក។ ​នៅពេលនេះ ខ្ញុំនឹង​ចាត់ទុកគាត់គឺជា​កីឡាករ​កំពូល​ បន្ទាប់ពី​ Messi និង Ronaldo ”៕

adverise with khmeread