អ្នកជួញដូរគ្រឿងញៀនជនជាតិចិនម្នាក់ដែលប្រឈមទោសប្រហារជីវិត រត់គេចខ្លួនពីពន្ធនាគារបានសម្រេចតាមលូទឹកស្អុយនៅឥណ្ឌូនេស៊ី

ប៉ូលិសបាននិយាយកាលពីថ្ងៃពុធទី២៣កញ្ញាថា អ្នកជួញដូរគ្រឿងញៀនជនជាតិចិនម្នាក់ដែលប្រឈមទោសប្រហារជីវិត បានរត់គេចខ្លួនពីពន្ធនាគារក្បែររដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីបានជីករូងក្រោមដីប្រវែង ៣០ ម៉ែត្រពីគុករបស់ខ្លួន។

ក្រុមមន្ត្រីបាននិយាយថា Cai Changpan ដែលត្រូវបានកាត់ទោសប្រហារជីវិតក្នុងឆ្នាំ ២០១៧ ពីបទជួញដូរថ្នាំមេតំហ្វេតាមីនចំនួន ១១០ គីឡូក្រាម បានរត់ចេញពីពន្ធនាគារ Tangerang ក្នុងទីក្រុង Banten កាលពីសប្តាហ៍មុនតាមរយៈផ្លូវរូងក្រោមដីតូចចង្អៀតដែលភ្ជាប់ទៅនឹងលូទឹកស្អុយ។

អាជ្ញាធរបាននិយាយថា ពួកគេបានរកឃើញដែកគាស់ ពន្លាក ទួណឺវីស និងឧបករណ៍ផ្សេងទៀតដែលប្រើដើម្បីជីករូង ដោយគេដាក់ការសន្និដ្ឋានថា អ្នកទោសរូបនេះប្រហែលជាបានប្រដាប់ប្រដាទាំងនេះពីផ្ទះបាយនៅពន្ធនាគារដែលកំពុងជួសជុល។

អ្នករត់ពន្ធគ្រឿងញៀននេះបានជីកផ្លូវរូងក្រោមដីតូចមានអង្កត់ផ្ចិត ៥០ សង់ទីម៉ែត្រ បន្ទាប់ពីលួចឧបករណ៍ពីរោងជាងនៅផ្ទះបាយរបស់ពន្ធនាគារមុនពេលជីកដល់ប្រព័ន្ធលូ។

រូបភាពវីដេអូសុវត្ថិភាពបានបង្ហាញអ្នកទោសរូបនេះបានរត់គេចខ្លួនតាមប្រហោងលូទឹកស្អុយ រួចដើរយ៉ាងរំភើយទៅដល់ទីងងឹតបាត់សូន្យឈឹង។

អ្នកនាំពាក្យប៉ូលិសនៅហ្សាការតាលោក Yusri Yunus បាននិយាយថាវាហាក់ដូចជា Cai Changpan អាយុ ៥៣ ឆ្នាំបានរៀបចំផែនការរត់គេចខ្លួនមិនគួរឱ្យជឿនេះអស់រយៈពេលប្រហែល ៥ ទៅ ៦ ខែ។

ក្រុមមន្ត្រីបាននិយាយទៀតថា រូបគេបានបបួលអ្នកទោសដទៃទៀតចូលរួមរត់គេចខ្លួនជាមួយខ្លួនដែរ ប៉ុន្តែពួកគេមិនហ៊ានចូលរួមជាមួយទេ។ 

សព្វថ្ងៃប៉ូលិសកំពុងតាមរកអ្នកទោសរូបនេះ៕​ ប្រភព ៖ Daily Mail 

 

adverise with khmeread