ឆ្នាំមុនថៅកែទឹកសុទ្ធម្នាក់មានទ្រព្យសម្បត្តិតែ២ពាន់លានដុល្លារទេ តែឆ្នាំកូវីដ១៩ ទ្រព្យគាត់កើតឡើងដល់៥៤,២ពាន់លានដុល្លារ ក្លាយជាមហាសេដ្ឋីលេខ២នៅចិន

ពួកវណ្ណៈសេដ្ឋីលុយពាន់លាននៅចិនឥឡូវមានសមាជិកថ្មីមួយទៀតហើយ គឺ លោក Zhong Shanshan ជាអ្នកដែលបានបង្កើតទ្រព្យសម្បត្តិហក់លោតយ៉ាងអស្ចារ្យបំផុតតាមរយៈផលិតផលត្រូវប៉ាន់បំផុតនារដូវកូវីដ១៩ គឺ ទឹកសុទ្ធ។

លោក Zhong ដែលជាប្រធានក្រុមហ៊ុនភេសជ្ជៈធំជាងគេបំផុតមួយនៅប្រទេសចិន បានចូលរួមជាមួយមហាសេដ្ឋីល្បីៗដូចជាស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma នាយកប្រតិបត្តិក្រុមហ៊ុន Tencent លោក Pony Ma និងមហាសេដ្ឋីអចលនទ្រព្យលោក Hui Ka-yan ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗនៅចិនរបស់ទស្សនាវដ្តី (Forbes China Rich)។

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Zhong មានទ្រព្យសម្បត្ដិ ៥៤,២ពាន់លានដុល្លារកាលពីថ្ងៃទី២១ ខែកញ្ញា ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីលំដាប់ទី២ នៅប្រទេសចិន ដែលស្ថិតនៅពីក្រោយលោក Pony Ma នាយកក្រុមហ៊ុន Tencent។

លោក Zhong ទទួលបានចំណាត់ថ្នាក់នេះ បន្ទាប់ពីក្រុមហ៊ុនទឹកសុទ្ធ Nongfu Spring របស់លោកបានចូលរួមជាសាធារណៈនៅផ្សារហ៊ុនហុងកុងនៅថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២០។

ពួកវិនិយោគិនបានមើលឃើញឱកាសពិសេសសម្រាប់ពួកគេក្នុងចូលរួមទិញហ៊ុនរបស់ក្រុមហ៊ុនមួយនេះ ព្រោះក្រុមហ៊ុនគ្របដណ្តប់លើទីផ្សារប្រទេសចិនដែលមានប្រជាជន ១,៤ពាន់លាននាក់ និងការកើនឡើងនូវតម្រូវការទឹកធម្មជាតិដែលអាចទុកចិត្តបាន។

តើក្រុមហ៊ុនទឹកសុទ្ធរបស់ Zhong មានអ្វីពិសេស?

Nongfu Spring ដែលមានន័យថា "និទាឃរដូវរបស់កសិករ" គឺជាក្រុមហ៊ុនផលិតទឹកសុទ្ធធំជាងគេបំផុតរបស់ប្រទេសចិនផ្អែកលើចំណែកទីផ្សារ។

លោក Zhong បានបង្កើតក្រុមហ៊ុននេះក្នុងឆ្នាំ១៩៩៦ នៅបឹងកោះ១០០០ ក្នុងខេត្ត Zhejiang ដែលត្រូវបានគេស្គាល់ថាជាអាងស្តុកទឹកធំបំផុត និងស្អាតជាងគេបំផុតនៅប្រទេសចិន។

ក្រុមហ៊ុន Nongfu បានចាប់យកចំណាប់អារម្មណ៍អតិថិជនតាមរយៈយុទ្ធនាការផ្សព្វផ្សាយរបស់ខ្លួនថាជាទឹកធម្មជាតិដែលមានជាតិរ៉ែធម្មជាតិប្លែកពីទឹកម៉ាស៊ីនចម្រោះទូទៅ។

ទឹកដបតូចមួយដបមានតម្លៃប្រហែល ១,៥យ័ន (០,២២ ដុល្លារ)។

ក្រុមហ៊ុនក៏បានចុះហត្ថលេខាផងដែរលើកិច្ចព្រមព្រៀងដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ទឹក ដែលបានកំណត់សម្រាប់ឧស្សាហកម្មអវកាសរបស់ប្រទេសចិន និងព្រឹត្តិការណ៍នយោបាយអន្តរជាតិធំៗចំនួន៣ នៅក្នុងឆ្នាំ២០១៧។

លោក Zhong ដែលមានទ្រព្យសម្បត្តិ ២ពាន់លានដុល្លារកាលពីឆ្នាំមុន បានបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ឡើងដល់ចំនួន ២៥ដង ដោយគាត់ត្រូវអរគុណយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់គាត់ក្នុងការរក្សាភាពជាម្ចាស់៨៤ភាគរយនៃក្រុមហ៊ុន Nongfu។

ហេតុអ្វីបានជាទឹកសុទ្ធគឺជាតម្រូវការសំខាន់បំផុតរបស់ចិន?

សុវត្ថិភាពទឹកគឺជាបញ្ហានៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

នៅឆ្នាំ២០១៦ ការវាស់ស្ទង់របស់ក្រសួងធនធានទឹកចិនបានរកឃើញថា ៨០ភាគរយនៃទឹកក្រោមដីនៅក្នុងអាងទន្លេសំខាន់ៗរបស់ប្រទេសចិន ត្រូវបានបំពុលយ៉ាងខ្លាំង ដូច្នេះវាមិនមានសុវត្ថិភាពសម្រាប់មនុស្សទេ។

សត្វជ្រូកងាប់ជាង ៧.៥០០ក្បាលត្រូវបានគេរកឃើញនៅក្នុងទន្លេមួយក្នុងទីក្រុងសៀងហៃក្នុងឆ្នាំ២០១៣ ដែលផ្គត់ផ្គង់ទឹកផឹក២២ភាគរយនៃទឹកប្រើប្រាស់របស់ក្រុង។ រដ្ឋាភិបាលទទូចថាគុណភាពទឹកមានលក្ខណៈធម្មតា។

នៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០១០ អាងស្តុកទឹកដ៏សំខាន់មួយដែលផ្គត់ផ្គង់ទឹកផឹកដល់ទីក្រុងប៉េកាំង និងទីក្រុងដទៃទៀតនៅភាគខាងជើងប្រទេសចិន មានផ្ទុកសារធាតុគីមី Lead ដែលលើសកម្រិតសុវត្ថិភាពអតិបរមារបស់អង្គការសុខភាពពិភពលោក២០ដង។ 

នៅពេលមនុស្សកាន់តែមានការព្រួយបារម្ភអំពីសុវត្ថិភាពទឹក មនុស្សជាច្រើនបានជ្រើសរើសការផឹកទឹកសុទ្ធជំនួសឱ្យការផឹកទឹកម៉ាស៊ីន។ 

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ ​​Daxue Consulting បានឱ្យដឹងថា ចំណុចលក់ទឹកសុទ្ធសំខាន់គឺប្រភពធម្មជាតិ និងគុណប្រយោជន៍សម្រាប់សុខភាព និងត្រូវអរគុណចំពោះការមិនទុកចិត្តលើសុវត្ថិភាពទឹកម៉ាស៊ីន៕

adverise with khmeread