ឪពុកចិត្តឃោរឃៅវាយកូនស្រីនៅក្រុងបាវិតត្រូវតុលាការខេត្តស្វាយរៀងសម្រេចដាក់គុក៣ឆ្នាំ

ស្វាយរៀង ៖ សាលាដំបូងខេត្ដស្វាយរៀង បានសម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេលបីឆ្នាំលើបុរស ដែលជាឪពុកបានប្រើអំពើហិង្សាលើកូនស្រីបង្កើតនៅក្រុងបាវិត។ នេះបើតាមការឱ្យដឹងពី លោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀង បានប្រាប់ក្រុមអ្នកព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក ខាំ សុផារី បានបញ្ជាក់ថា ករណីខាងលើនេះតុលាការបានធ្វើនីតិវិធីបង្ហាញខ្លួនភ្លាម ហើយកាត់ទោសប្រកាសសាលក្រមដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ហើយឃុំខ្លួនតាមអំណាចសាលក្រមតែម្ដង មិនមែនតាមដីកានោះទេ។ លោកបន្តថា តំណាងអយ្យការបានចោទប្រកាន់បុរសខាងលើ ពីបទហិង្សាដោយចេតនា យោងតាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកថា ស្ដ្រីម្នាក់ត្រូវបានឪពុកបង្កើតប្រើប្រាស់អំពើហិង្សាវាយកូនស្រី បោចសក់អូសចេញក្រៅផ្ទះរហូតដល់សន្លប់ ហើយត្រូវគេថតវីដេអូបានង្ហោះចែកចាយនៅតាមបណ្ដាញសង្គមបង្កឱ្យមានការផ្ទុះកំហឹងពីមហាជនជាច្រើន។ អំពើហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ រហូតដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជនដៃដល់ទើបត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួន ក្រោយពីឃើញនូវវីដេអូចែកចាយនៅលើបណ្ដាញសង្គម facebook។ 

លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការប៉ូលិដក្រុងបាវិត បានឱ្យដឹងថា ហេតុការណ៍នេះសមត្ថកិច្ចទើបយែទទួលព័ត៌មាន នៅលើ Facebook ប៉ុណ្ណោះដោយហេតុថា ពេលកើតហេតុជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងភ្លាមៗនោះទេ។

បន្ទាប់មកក៏ឃើញព័ត៌មានចែកចាយ ទើបលោកបានបញ្ជាកម្លាំងស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការចាប់ខ្លួនជនដៃដល់ជាឪពុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីមកសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

លោកអធិការបន្តទៀតថា កន្លងទៅជនដៃដល់ជាឪពុក តែងតែបង្កបញ្ហានៅក្នុងគ្រួសារជាញឹកញាប់ ហើយសមត្ថកិច្ចក៏ធ្លាប់ហៅមកអប់រំ ដើម្បីកុំឱ្យបង្កហិង្សានៅក្នុងគ្រួសារបន្តទៀត។ប៉ុន្ដែជនសង្ស័យមិនកែខ្លួន នៅតែបោករបស់របរក្នុងផ្ទះ ទើបប្រពន្ធទ្រាំលែងបានក៏រត់ទៅនៅភ្នំពេញចោលបន្សល់ទុកកូនស្រី៣នាក់នៅក្នុងបន្ទុកគ្រួសារ។

យោងតាមការសួរនាំក្រោយសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យបានសារភាពថា «មូលហេតុដែលខ្លួនប្រើអំពើហិង្សាលើកូនស្រី ក៏ព្រោះតែខឹងណែនាំកូនមិនស្ដាប់ រឿងលេងទូរស័ព្ទនៅពេលយប់មិនព្រមដេកពួន»៕


 

adverise with khmeread