មនុស្សជាង១០នាក់ដេញកាប់យុវជន៧នាក់​និងបាញ់មួយគ្រាប់នៅផ្លូវថៃហ្គ័រ​, របួសម្នាក់

​ភ្នំពេញ​ ៖​ យុវជនម្នាក់ក្នុងចំណោមមិត្តភក្តិ៦ទៅ៧នាក់បានរងរបួសក្បាល ខណៈពួកគេជិះម៉ូតូឌុបគ្នា ជូនមិត្តភក្តិទៅផ្ទះ ក៏ជួបក្រុមជនសង្ស័យមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូដេញកាប់​ ព្រមទាំងផ្ទុះអាវុធមួយគ្រាប់​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃពុធទី២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍​ហង្សមាស​ តាមបណ្ដោយផ្លូវថៃហ្គ័រ​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌ ច្បារអំពៅ​ ។

​យោងតាមសម្ដីយុវជនរងគ្រោះ២ទៅ៣នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានថា​ ពួកគេមានគ្នាប្រមាណ៧នាក់​ បានជិះម៉ូតូ៣គ្រឿង ឌុបគ្នាចេញពីស្ពានព្រែកសំរោង​ ឆ្លងកាត់ផ្លូវថៃហ្គ័រ​ដើម្បីជូនមិត្តភក្តិទៅផ្ទះ​ ។ខណៈមកដល់កន្លែងកើតហេតុ​ស្រាប់តែមានជនសង្ស័យ មួយក្រុមមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូជាច្រើនគ្រឿងចេញពីផ្លូវលំ​ប្រដាប់ដោយដាវ​ និងកាំបិតស្ទើរគ្រប់ដៃ​ ព្រមទាំងកាំភ្លើងខ្លី​ ដេញតាមពីក្រោយរួចកាប់ទៅលើជនរងគ្រោះ​ត្រូវចំក្បាលនិងមានបាញ់មួយគ្រាប់​​ឡើងលើ ទើបអ្នកខ្លះផ្ដួលម៉ូតូរត់ចូលព្រៃ​ អ្នកខ្លះទៀតក៏ជិះម៉ូតូរត់យករួចខ្លួន​អស់ទៅ។

ប្រភពដដែលបានបន្តថា​ ក្រោយពីជនរងគ្រោះផ្ដួលម៉ូតូរត់ចូលព្រៃ​ ក្រុមជនសង្ស័យក៏បានមកលើកយកម៉ូតូជនរងគ្រោះបម្រុងជិះទៅ​ តែយកមិនកើត​ព្រោះម៉ូតូជាប់ហ្វ្រាំងមិនទៅមុខ​ទើបពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់​។

ក្រោយកើតហេតុជិតមួយម៉ោង​ទើបសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់និងសួរនាំរឿងហេតុ រួចនាំក្រុមយុវជនរងគ្រោះទៅកាន់ប៉ុស្ដិ៍រដ្ឋបាល​ព្រែកឯង​ ដើម្បីសួរនាំបន្ត​ និងធ្វើពាក្យបណ្ដឹង៕​ 

adverise with khmeread