យុវជនជាជាងមាសម្នាក់ត្រូវក្រុមជនពាលកាប់របួសស្រាលនិងកាប់ស្តុបក្បាំងម៉ូតូ

ភ្នំពេញ ៖ យុវជនជាជាងមាសម្នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកឯង បន្ទាប់ពីមានករណីទំនាស់ ផ្ទុះអាវុធនៅមុខដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ថ្ងៃទី ២៣ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីយប់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះវ៉េង ម៉េងលាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងមាស ស្នាក់នៅផ្ទះលេខ៣២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។  

សមត្ថកិច្ចបន្តថា ដំបូងជនរងគ្រោះជិះម៉ូតូម៉ាក Honda Scopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១II-៨១៧១ ឌុបឈ្មោះផូ ចាន់ណា និងមិត្តភក្តិ០៣នាក់ទៀត ជិះម៉ូតូម៉ាក Honda Scopy មិនចាំផ្លាកលេខទៅលេងផ្ទះមិត្តភក្តិនៅម្តុំវត្តជ្រោយអំពិល។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យប្រហែលជាង១០នាក់ ជិះម៉ូតូជិត១០គ្រឿង ម៉ាកហុងដាសេ១២៥ទាំងអស់ មានពណ៌ស ក្រហម ខ្មៅ មិនចាំផ្លាកលេខ មានកាន់កាំបិតផ្គាក់ ជិះតាមពីក្រោយជនរងគ្រោះ ហើយកៀងម៉ូតូជនរងគ្រោះឱ្យអែបចិញ្ចើមផ្លូវ រួចនាំគ្នាយកកាំបិតផ្គាក់កាប់ជនរងគ្រោះត្រូវចំក្បាលបន្តិច (របួសស្រាល)។

ពេលនោះជនរងគ្រោះ និងឈ្មោះ ផូ ចាន់ណា ផ្តួលម៉ូតូរត់ចេញ ពួកជនសង្ស័យក៏យកដុំថ្ម គប់ត្រូវជនរងគ្រោះចំក្បាល ហើយដកអាវុធខ្លីមិនចាំម៉ាកបាញ់គំរាមឡើងលើ០១គ្រាប់។​ បន្ទាប់មកពួកជនសង្ស័យក៏នាំគ្នាកាប់ម៉ូតូជនរងគ្រោះបែកស្តុបខាងក្រោយ និងបែកក្បាំងម៉ូតូខាងស្តាំ រួចពួកជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទៅ។ ក្រោយមកជនរងគ្រោះក៏ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ព្រែកឯង៕


 

adverise with khmeread