ស្ត្រីជនជាតិខ្មែរសញ្ជាតិបារាំងម្នាក់ ដេកស្លាប់មិនដឹងមូលហេតុ

ភ្នំពេញ ៖ ស្ត្រីជនជាតិខ្មែរសញ្ជាតិបារាំងម្នាក់ ដេកស្លាប់បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤ល្ងាច នៅចំណុចផ្ទះលេខ១៤៤E0E1E2E3 ផ្លូវលេខ១៨៨ ក្រុម១ ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ហើយដោយសារតែសពមានលក្ខណៈហើមរលួយសមត្ថកិច្ចមិនអាចធ្វើការសន្និដ្ឋានពីមូលហេតុស្លាប់បានឡើយ។

 សមត្ថកិច្ចនិយាយថា អត្តសញ្ញាណសពឈ្មោះ LEAB CATHERINE ភេទស្រី អាយុ៧៩ឆ្នាំ ជនជាតិខ្មែរសញ្ជាតិបារាំង មុខរបរនៅផ្ទះ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ 18AD04737។

សាក្សីឈ្មោះ ជោត សេងហឿន ភេទស្រី ឆ្នាំកំណើត១៩៧៧ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩៧E0 ផ្លូវលេខ១១៦ ភូមិ៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញបានបំភ្លឺថា នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង១ និង២១នាទីរសៀល នាងខ្ញុំបានទូរស័ព្ទទៅគាត់ចំនួន០៣ដងចូលតែមិនមានអ្នកលើក។ រហូតដល់ថ្ងៃ១២ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៩ និង១៤នាទី នាងខ្ញុំចាប់ផ្ដើមទូរស័ព្ទជាលើកទីពីរម្ដងទៀតចំនួន១៧ដងរហូតដល់១២ថ្ងៃត្រង់ទើបឈប់តែនៅពុំមានអ្នកលើក។

លុះនៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២០ នាងខ្ញុំចេញទៅខេត្តកំពង់ចាមចំនួន០២ថ្ងៃពេលត្រឡប់មកវិញខ្ញុំបានសួរអ្នកជិតខាងអំពីគាត់តែអ្នកជិតខាង បានឆ្លើយថា អត់ឃើញលោកយាយចេញមកស្រោចផ្កានិងដាក់ចំណីសត្វដូចសព្វដងទេ។ បន្ទាប់មកខ្ញុំតែងតែចាំមើលគាត់ចេញមកក្រៅដើម្បីស្រោចផ្កានិងដាក់ចំណីសត្វតែបាត់សូន្យឈឹង ផ្កាក៏ងាប់អស់ ហើយសត្វដែលគាត់ចិញ្ចឹមនោះក៏មិនឮសំលេង រួចខ្ញុំចុចកណ្ដឹងហៅពីខាងក្រៅទៅក៏មិនមានអ្នកបើកទ្វារ ដោយខុសប្លែកពីធម្មតា។ នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ នាងខ្ញុំបានរាយការណ៍ទៅប៉ុស្ដិ៍រដ្ឋបាលផ្សារចាស់ ឱ្យជួយអនត្តរាគមន៍និងត្រួតពិនិត្យមើលផ្ទះលោកយាយផង។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ និងប៉ូលិសប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ, គណៈបញ្ជាការឯកភាពសង្កាត់ផ្សារចាស់, ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត, ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, ប៉ូលិសការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើការកាត់សោផ្ទះរបស់ជនរងគ្រោះដើម្បីធ្វើកោសល្យវិច័យពិនិត្យសព។

ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស និងលោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន បានបញ្ជាក់ថា សពពុំអាចធ្វើការសន្និដ្ឋានបាន (ដោយសារមានសភាពហើមរលួយ)។ ចំពោះលិខិតឆ្លងដែនជនជាតិបារាំងដែលមានលេខ 18AD04737 បានប្រគល់ឱ្យប៉ូលិសនាយកដ្ឋានបច្ចេកទេសនៃក្រសួងមហាផ្ទៃដើម្បីរក្សាទុក។ ចំពោះទីតាំងកើតហេតុខាងលើសមត្ថកិច្ចបានបង្កើតគណៈកម្មការបិទជាបណ្ដោះអាសន្ន។ 

ក្រោយពីបញ្ចប់ការពិនិត្យខាងជំនាញបច្ចេកទេស បានដឹកយកសាកសពទៅរក្សាទុកនៅសាលតម្កល់សព មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕
 

adverise with khmeread