អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធប្រើហិង្សាលើឪពុកម្តាយបង្កើត

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើហិង្សាក្នុងគ្រួសារ ដោយការបំផ្លាញទ្រព្យសម្បត្តិ និងបានយកកាំបិតប៉័ងតោរកកាប់សម្លាប់ឪពុកម្តាយខ្លួនឯង។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ សំ សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៧៣ ក្រុមទី៣ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សំ សំណាង ជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយថែមទាំងធ្លាប់បានបំផ្លិចបំផ្លាញ និងលួចទ្រព្យសម្បត្តិនៅក្នុងគ្រួសារយកទៅលក់ ដើម្បីយកលុយទៅទិញថ្នាំញៀនប្រើប្រាស់ និងតែងតែមករករឿងក្រុមគ្រួសារម្តងហើយម្តងទៀត ថែមទាំងបានគំរាមកំហែងថានឹងកាប់សម្លាប់អ្នកនៅក្នុងផ្ទះចោលទាំងអស់។ 

លុះនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យខាងលើបានមករករឿងអុកឡុកក្នុងផ្ទះ ព្រមទាំងបាន យកកាំបិតប៉័ងតោគំរាម រកកាប់សម្លាប់ឪពុកម្តាយខ្លួនផងដែរ តែត្រូវបានបងប្អូនជួយចាប់ឃាត់បំបែកទាន់ ឃើញដូចនេះទើបម្តាយបង្កើតក៏រត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកពៅឃាត់ខ្លួនភ្លាមៗតែម្តង។ 

ជនសង្ស័យខាងលើបានសារភាពថា រូបខ្លួន និងក្រុមគ្រួសារ ឧស្សាហ៍ឈ្លោះប្រកែកគ្នាជារឿយៗ ហើយពិតជាបានយកកាំបិតប៉័ងតោគំរាមអ្នកនៅក្នុងគ្រួសារពិតប្រាកដមែន ហើយកន្លងមកខ្លួនតែងតែបង្កអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងជាអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង៕

adverise with khmeread