ទាហានកូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ រួចដុតសាកសពកម្ទេចចោល

រដ្ឋាភិបាលក្រុងសេអ៊ូលនិយាយកាលពីថ្ងៃពុធថា បុគ្គលិករដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីឆ្លងកាត់ព្រំដែនសមុទ្រកូរ៉េខាងជើង។

យោងតាមលោកឧត្តមសេនីយ៍ឯក Ahn Young-ho មន្ត្រីជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា បុគ្គលិកក្រសួងកិច្ចការសមុទ្រនិងនេសាទរូបនោះបានបាត់ខ្លួនក្នុងដែនទឹកចម្ងាយ១,៩គីឡូម៉ែត្រពីភាគខាងត្បូងនៃកោះ Yeonpyeong កាលពីថ្ងៃទី២១ កញ្ញា។

មន្ត្រីក្រសួងការពារជាតិម្នាក់និយាយប្រាប់អ្នកកាសែតថា នាវាមួយដែលជាកម្មសិទ្ធិរបស់អង្គភាពជលផលរបស់កូរ៉េខាងជើងបានរកឃើញជនជាតិកូរ៉េខាងត្បូង ដែលបាត់ខ្លួននៅក្នុងសមុទ្រក្បែរកោះនោះ។ អ្នកនាំពាក្យរូបនោះបាននិយាយថា បុរសនោះស្ថិតនៅលើវត្ថុអណ្តែតលើទឹកធំល្មមអាចទ្រមនុស្សម្នាក់ ហើយគាត់នោះបានពាក់អាវពោងសុវត្ថិភាពនិងមើលទៅអស់កម្លាំង។

ជនជាតិកូរ៉េខាងត្បូងរូបនោះត្រូវបានគេគិតថាកំពុងស្ថិតក្នុងដំណើរការរត់គេចខ្លួនចូលទៅកូរ៉េខាងជើង ហើយមន្ត្រីក្រសួងការពារជាតិបាននិយាយថាសមាជិកនាវិករបស់កូរ៉េខាងជើងដែលគេជឿថាពាក់ម៉ាសការពារឧស្ម័ន បានស្តាប់បុរសកូរ៉េខាងត្បូងនោះធ្វើសក្ខីកម្មអំពីរឿងរត់ចោលស្រុក។ 

ក្រោយមក នាវាល្បាតកូរ៉េខាងជើងមួយគ្រឿងបានបាញ់សម្លាប់អ្នកប៉ុនប៉ងរត់ចោលស្រុកនោះ។ បន្ទាប់ពីនោះ ទាហានម្នាក់ដែលពាក់ម៉ាស់ការពារឧស្ម័ន និងឈុតការពារមេរោគ បានមកកៀកសាកសព និងដុតកម្ទេចសាកសពចោលតែម្តង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាកូរ៉េខាងត្បូងបាននិយាយថាខ្លួន "ថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើឃោរឃៅរបស់កូរ៉េខាងជើង" និងបានជំរុញឱ្យទីក្រុងព្យុងយ៉ាងផ្តល់ការពន្យល់និងដាក់ទណ្ឌកម្មដល់អ្នកដែលទទួលខុសត្រូវ៕ ប្រភព ៖ CNN

adverise with khmeread