ចោរលួចម៉ូតូគេបានហើយបើករត់មកធ្លាក់លូទឹកស្អុយហើយហែលទឹកស្អុយគេចបាត់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូគេបាន ហើយព្យាយាមជិះរត់មកធ្លាក់ចូលប្រឡាយទឹកស្អុយ ហើយហែលក្នុងទឹកស្អុយគេចបាត់ ហើយបន្សល់ម៉ូតូស៊េរី២០២១ក្នុងទឹកលូ កាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចប្រឡាយលូទឹកស្អុយកំពុងសាងសង់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះបណ្ដែតខ្លួនតាមទឹកលូគេចបាត់។ ឯជនរងគ្រោះឈ្មោះ ជា ដាលីន ភេទស្រី អាយុ២៥ឆ្នាំ មុខរបលក់បបរ ស្នាក់នៅផ្ទះជួលក្រោយទូរស្សន៍បាយ័ន សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ម្ចាស់ម៉ូតូម៉ាកស្កូពី ២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IJ-4481។ 

នារីជាម្ចាស់ម៉ូតូឈ្មោះ ជា ដាលីន បានឱ្យដឹងថា ដំបូងគាត់បានទុកម៉ូតូនៅមុខផ្ទះចាក់សោក ត្រឹមត្រូវ រួចទុកកូនសោនៅលើក្បាលដំណេក ស្រាប់តែជនសង្ស័យចូលទៅយកកូនសោជិះគេចខ្លួនបាត់។ ពេលចេញមកវិញបាត់ម៉ូតូគាត់បានស្រែកឆោឡោ រួចមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១។  ស្រាប់តែមិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចបានទាក់ទងឱ្យមកមើលម៉ូតូមួយគ្រឿង ទើបឃើញម៉ូតូរបស់គាត់ដែលចោរបន្សល់ក្នុងលូទឹកស្អុយពិតប្រាកដមែន។ 

ប្រភពពីសន្តិសុខម្នាក់ដែលយាមការដ្ឋានសាងសង់លូ បានឱ្យដឹងថា គាត់បានឃើញជនសង្ស័យម្នាក់ វ័យប្រហែល១៦ទៅ១៧ឆ្នាំ បានជិះម៉ូតូចូលក្នុងការដ្ឋានគាត់បានហៅឱ្យឈប់ តែជនសង្ស័យមិនព្រមឈប់ទេ។ ដោយមានការសង្ស័យគាត់ក៏ជិះម៉ូតូដេញតាមក្រោយធ្វើឱ្យជនសង្ស័យភ័យ ជិះធ្លាក់ចូលប្រឡាយលូទឹកស្អុយបន្សល់ម៉ូតូនៅក្នុងទឹកស្អុយ ចំណែកជនសង្ស័យបណ្ដែតហូរតាមទឹកទៅបាត់។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឱ្យរថយន្តស្ទូចយកម៉ូតូ យកទៅទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១ រង់ចាំផ្ទៀងផ្ទាត់ឯកសារតាមនីតិវិធី រួចប្រគល់ជូនវិញ៕ 


 

adverise with khmeread