រថយន្តបុកជាមួយម៉ូតូរបួសកូនសិស្ស២នាក់នៅសង្កាត់វាលស្បូវ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ និង រថយន្ត នាថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦ និង៥៥នាទីត្រង់ចំណុចកែងផ្ទះលេខ០.៣០ លើផ្លូវបេតុងបូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បណ្តាលឱ្យកូនសិស្ស២នាក់របួសធ្ងន់។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូម៉ាកស៊ុយស៊ូគី ឡេត ពណ៌ក្រហមពាក់ស្លាខលេខភ្នំពេញ ១GM.៨២៨៨ បើកបរដោយឈ្មោះ ង៉ា រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៩ ផ្លូវលេខ៩ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ (រងរបួសធ្ងន់) ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីលិចទៅកើតជិះមានគ្នា០២នាក់ អ្នករួមដំណើរឈ្មោះ ង៉ា តារ៉ា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជាមួយគ្នា (រងរបួសធ្ងន់)។

 លុះដល់ត្រង់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តម៉ាកតូយ៉ូតាកាមរី (ឆ្លាម) ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ២D.៣៥៩០ បើកបរដោយឈ្មោះ ឈឺន សុភ័ក្រ្ត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៧៣ ផ្លូវ១៧ បូរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង។

បច្ចុប្បន្នរថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធីជាបន្ត។ ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកការវាស់វែង ពិនិត្យកន្លែងកើតហេតុប៉ូលិសសន្និដ្ឋានបានថា អ្នកបើកបរម៉ូតូបើកមិនគោរពសិទ្ធិយាននៅខាងស្តាំ ពេលមកដល់ផ្លូវបំបែកជាបួនដែលគ្មានភ្លើងសញ្ញានិងផ្លាកសញ្ញា៕


     

adverise with khmeread