Barcelona ក្លាយជាក្លឹបនាំមុខគេក្នុងការផ្ទេរខ្សែការពារ Antonio Rudiger របស់ក្លឹប Chelsea

        ក្លឹបយក្សអេស្ប៉ាញ Barcelona បាន​ក្លាយ​ជា​ក្លឹប​មួយ​ក្នុង​ចំណោមក្លឹបដែលនាំមុខ​ក្នុង​ការ​ចុះកិច្ចព្រមព្រៀងផ្ទេរ​ខ្សែការ​ពារ Antonio Rudiger ដែលជាកីឡាករ​មិនសូវ​ពេញនិយម​របស់ក្លឹប Chelsea ។

        កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ត្រូវ​បាន​ដក​ចេញ​ពី​ក្រុម​ជម្រើស​របស់​លោក Frank Lampard ក្នុង​ពីរ​ប្រកួត​កន្លងទៅ​នេះ ដោយ​រួម​ទាំង​ការ​ប្រកួត​​ឈ្នះ​ក្រុម Barnsley ៦-០ កាលពីយប់ថ្ងៃពុធនៅពេល​ខ្សែការពារ​ Thiago Silva បានបង្ហាញមុខ​លើកដំបូងសម្រាប់ក្លឹបនេះ។​

        កង្វះឱកាស​សម្រាប់ Rudiger បានធ្វើ​ឲ្យ​ក្លឹប​កំពូល​ៗមួយចំនួន​នៅតំបន់​អឺរ៉ុប​ប្រុងជើង​ការ​ ហើយ​តាម​កាសែត​អាល្លឺម៉ង់ Kicker បាន​ឲ្យ​ដឹងថា ក្លឹប Barcelona និង​អតីត​ក្លឹប Roma បាន​នាំមុខ​គេ​ក្នុង​ការ​ផ្ទេរកីឡាកររូបនេះ ស្របពេលដែល​ក្លឹប Chelsea ក៏កំពុង​ពិចារណា​ពន្យារកិច្ច​សន្យា​ដល់​ Rudiger ផងដែរ។

        តាមកាសែត​នេះបញ្ជាក់ថា កិច្ច​សន្យា​បច្ចុប្បន្ន​របស់ Rudiger នឹងអូស​បន្ថាយដល់​រដូវក្តៅឆ្នាំ​២០២២ ហើយ​ថ្នាក់ដឹកនាំ​ក្លឹប Chelsea កំពុង​ពិចារណា​ពន្យារបន្ថែម។ តាម​ព័ត៌មានថា ក្លឹបយក្ស​បារាំង PSG ក៏ចាប់អារម្មណ៍នឹង​ខ្សែការ​ពារ​រូប​នេះ​ផងដែរ។

ក្នុងឋានៈ​ជាកីឡាករ​ឆ្នើម​ម្នាក់នៅ​អឺរ៉ុប​ក្នុង​វ័យ​២៧​ឆ្នាំ Rudiger ហាក់ដូចជា​មិន​ខ្វះ​ក្លឹប​ដែល​ចង់បាន​នោះទេ ប្រសិនបើ​កីឡាករ​រូបនេះពិតជា​ចង់ចាកចេញពីក្លឹប Chelsea មែននោះ៕

adverise with khmeread