សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មសម្លាប់មនុស្សច្រកការុងយកទៅបោះចោលនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ  ៖ ករណីឃាតកម្មយកសាកសពច្រកក្នុងស្បោងខ្មៅដាក់ក្នុងវ៉ាលីយកមកទំលាក់ចោលត្រូវបានប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទិ២៥ កញ្ញា ឆ្នាំ២០២០នេះ បានបំបែកសំណុំរឿងដោយចាប់ឃាតករជាតៃកុងឡានជនជាតិចិន បានសម្លាប់ថៅកែខ្លួនជាជនជាតិចិនដូចគ្នាច្រកការុងយកទៅចោលក្បែរផ្លូវជាតិលេខ៤។

ប៉ូលិសនិយាយថា ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការប៉ូលិសជាតិ លោកប្រធាននយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ លោកស្នងការប៉ូលិសខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា រាជធានីភ្នំពេញ លោកស្រីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ បានដឹកនាំកម្លាំងសហការ ប៉ូលិសខេត្តកំពង់ស្ពឺ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យបានហើយ។

ប៉ូលិសបន្តថា នៅថ្ងៃទី២៤កញ្ញាឆ្នាំ២០២០ ប៉ូលិសបានស្រាវជ្រាវរកឃើញអត្តសញ្ញាណសពឈ្មោះ ZHANN BING (ចាង ពីង) ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន ជានាយកក្រុមហ៊ុនបេឡាងមេឌីខល ខេមបូឌាអិនវេសម៉ិន ឯ.ក (លក់ដែកសម្ភារៈបរិក្ខាពេទ្យ។ រហូតដល់នៅថ្ងៃទី២៥កញ្ញាឆ្នាំ២០២០ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យឈ្មោះ WU HONG (អ៊ូ ហុង) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ជាអ្នកបើករថយន្តឱ្យជនរងគ្រោះ។ 

ប៉ូលិសបន្តទៀតថា ហេតុការណ៍កើតឡើងកាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង២០នាទីរសៀល មានសាកសពច្រកថង់ពណ៌ខ្មៅ ដាក់ក្នុងវ៉ាលី ដឹកដោយរថយន្តហាយឡែនឌ័រ យកមកទម្លាក់ចោលនៅមាត់ជ្រោះរ៉ោងរ៉ាងជាប់ខាងជើងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៤-១០៥ ខាងលិចលោកយាយម៉ៅ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះតែម្នាក់ឯង ដោយខឹងជនរងគ្រោះជេរប្រមាថ និង ដើម្បីយកលុយ»៕


 

adverise with khmeread