ក្រុមហ៊ុន Amazon បង្ហាញដ្រូនកាមេរ៉ាសុវត្ថិភាព ហោះមើលមនុស្សសង្ស័យបានគ្រប់ទីកន្លែង នៅពេលអ្នកមិននៅផ្ទះ

ក្រុមហ៊ុន Amazon បានដាក់បង្ហាញនូវដ្រូនកាមេរ៉ាសុវត្ថិភាពមួយ ដែលអាចហោះនៅជុំវិញផ្ទះរបស់អ្នកបាន ពេលដែលអ្នកមិននៅផ្ទះ និងអាចបញ្ជាពីចម្ងាយដើម្បីស្វែងរកមុខជនសង្ស័យឆុ្មក់ចូលផ្ទះ។

ដាក់បង្ហាញដោយក្រុមហ៊ុន Ring ដែលជាក្រុមហ៊ុនសន្តិសុខតាមផ្ទះរបស់ក្រុមហ៊ុន Amazon ដ្រូន Always Home Cam មួយនេះ អាចហោះហើរទៅត្រួតពិនិត្យថាតើចង្ក្រានផ្ទះបានបិទ ឬបង្អួចនៅតែបើកចំហឬយ៉ាងណា ខណៈដែលម្ចាស់របស់វាចាកចេញពីផ្ទះ។

ដ្រូននេះមានបំពាក់នូវកាមេរ៉ាខ្មៅមួយ ដែលដំណើរការដោយដុំស្លាបចក្រ ដែលហោះចេញដោយស្វ័យប្រវត្តិពីដុំទម្រសាកថ្មពណ៌សរបស់វា ប្រសិនបើវារកឃើញចលនាអ្វីមួយនៅក្នុងផ្ទះ។

កាមេរ៉ានេះបញ្ចេញទិដ្ឋភាពផ្ទាល់នៃអ្វីដែលកំពុងកើតឡើងនៅក្នុងផ្ទះរបស់អ្នកប្រើប្រាស់ទៅស្មាតហ្វូនរបស់ពួកគេតាមរយៈកម្មវិធី Ring ក្នុងករណីជនចម្លែកលបចូលផ្ទះ។

ដ្រូននេះថតទិដ្ឋភាពតែនៅពេលដែលវានៅលើអាកាស ហើយធ្វើឱ្យមានសំឡេងនៅពេលវាហោះ ដូច្នេះមនុស្សណាម្នាក់ដែលនៅក្នុងផ្ទះនឹងដឹងថាវាកំពុងផ្តិតវីដេអូ។

ក្រុមហ៊ុន Amazon បាននិយាយថាពួកគេត្រូវបានបណ្តុះគំនិតបង្កើតផលិតផលឃ្លាំមើលសុវត្ថិភាពមួយដែលអាចបំលាស់ទីដោយសេរីនៅក្នុងផ្ទះទាំងមូល ដើម្បី "ផ្តល់នូវការបត់បែនច្រើនថែមទៀតនូវការមើលពីសុវត្ថិភាពក្នុងផ្ទះ"។

ដ្រូន Always Home Cam នៅតែត្រូវការការអនុម័តពីគណៈកម្មាការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក ប៉ុន្តែនៅពេលណាដែលទទួលបានការយល់ព្រមវានឹងត្រូវចេញលក់ភ្លាមៗនៅឆ្នាំក្រោយក្នុងតម្លៃ ២៥០ដុល្លារ។

ទន្ទឹមនោះដែរ Amazon ក៏បានដាក់បង្ហាញផងដែរនូវកូនបាស់រាងបាល់រចនាឡើងថ្មីមួយសម្រាប់ប្រភេទបាស់ម៉ាក Echo របស់ខ្លួន និងដៃហ្គេមឥតខ្សែប្រភេទថ្មី៕ ប្រភព ៖ Daily Mail 

adverise with khmeread