ជនសង្ស័យម្នាក់ត្រូវប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនពីបទប្រើហិង្សាកាប់គូទំនាស់ឱ្យរយះក្បាល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួន នាថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២០ ក្នុងករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើកាំបិតប៉័ងតោកាប់លើជនរងគ្រោះឱ្យរយះក្បាលរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០ នាទីយប់ ត្រង់ចំណុចការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ វ៉ន វី ហៅលាភ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េង ហួត ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ ហ៊ូវ ភក្តី ហៅ តុលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក កាំបិតប៉័ងតោដងដែកចំនួន០១។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥ និង៣០នាទីល្ងាច ជនរងគ្រោះឈ្មោះ វ៉ន វី ភេទប្រុស អាយុ៣០ ឆ្នាំ រួមជាមួយកម្មករសំណង់ផ្សេងទៀតមានគ្នា៥នាក់ ទី០១-ជនរងគ្រោះ, ទី០២-ឈ្មោះ ហ៊ូវ ភក្តី ហៅ តុលា ភេទប្រុស អាយុ២៧ឆ្នាំ (ជនសង្ស័យ), ទី០៣-ឈ្មោះ ចែម សាមិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ, ទី០៤-ឈ្មោះ ជីម កយ ភេទប្រុស អាយុ៣៦ឆ្នាំ និងទី០៥- ឈ្មោះ ឡុង ហេង ភេទប្រុស អាយុ២១ឆ្នាំ បាននាំគ្នាផឹកស្រាថ្នាំចំនួន០២លីត្រ និងស្រាបៀរកម្ពុជា ចំនួន០៦កំប៉ុង នៅបន្ទប់ស្នាក់នៅរបស់ឈ្មោះ ឡុង ហេង ការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។ 

ពេលផឹកស៊ីរហូតដល់ម៉ោង៩ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ ចែម សាមិត្ត និងឈ្មោះ ជីម កយ បានឈប់ផឹកដើរទៅរោងស្នាក់នៅរៀងៗខ្លួន។ ចំណែកឈ្មោះ ឡុង ហេង បានដើរទៅនោម នៅសល់តែជនសង្ស័យ និងជនរងគ្រោះនៅកន្លែងផឹកស៊ី។ 

ពេលនោះជនសង្ស័យបានខ្ចីលុយពី ជនរងគ្រោះចំនួន២០០០០រៀល តែជនរងគ្រោះមិនព្រមឱ្យ ក៏កើតទំនាស់ឈ្លោះប្រកែកគ្នាទៅវិញទៅមក រួចជនសង្ស័យក៏បានទាញយកកាំបិតប៉័ងតោសម្រាប់ហាន់សាច់ក្លែម នៅកន្លែងផឹកស៊ីកាប់ទៅលើជនរងគ្រោះ ត្រូវចំក្បាលផ្នែកខាងលើដាច់រយះដល់លលាដ៍ក្បាល (របួសធ្ងន់) រួចជនរងគ្រោះ ក៏បានចាប់ទាញកាំបិតប៉័ងតោពីជនសង្ស័យទៅវិញទៅមក រហូតរមៀលធ្លាក់ពីលើរោងស្នាក់នៅ ទៅលើដីទាំង ០២នាក់។ 

បន្ទាប់មកជនសង្ស័យក៏ទាញយកកាំបិតប៉័ងតោបានកាប់ទៅលើ ជនរងគ្រោះចំនួន០២កាំបិតថែមទៀត តែជនរងគ្រោះបានយកកៅអីឈើរង ក៏បណ្តាលឱ្យត្រូវដាច់រយះកខាងឆ្វេង និងស្មា ខាងឆ្វេង (របួសស្រាល) ហើយក៏មានអ្នកជិតខាងជួយចាប់ឃាត់បំបែកចេញពីគ្នា។ 

ក្រោយមកឈ្មោះ លាន បូរី ភេទប្រុស អាយុ២៧ឆ្នាំ (សន្តិសុខក្នុងបុរីប៉េងហួត) បានទូរស័ព្ទរាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលជើងឯក ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ សាកសួរបំភ្លឺសាក្សី និងនាំជនរងគ្រោះ ដែលរងរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ រួចបញ្ជួនបន្តទៅមន្ទីរពេទ្យលោកសង្ឃ តែសមត្ថកិច្ចមិនអាចធ្វើការបំភ្លឺ ជនរងគ្រោះបានភ្លាមៗទេ ដោយសារជនរងគ្រោះបានសន្លប់លែងដឹងខ្លួន។ 

រហូតមកដល់នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលជើងឯក តាមនីតិវីធីច្បាប់។ 

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា «រូបគេ(ជនសង្ស័យ)ពិតជាបានប្រើកាំបិតប៉័ង តោកាប់ទៅលើជនរងគ្រោះប្រាកដមែន»។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៩ សមត្ថកិច្ចក៏បានទៅធ្វើការបំភ្លឺជនរងគ្រោះ ដល់មន្ទីរពេទ្យលោកសង្ឃ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ ការតាមផ្លូវច្បាប់តែម្តង៕

adverise with khmeread