"អ្នកជំងឺបែរឡាំង" ដែលជាសះស្បើយពីជំងឺអេដស៍ដ៏អច្ឆរិយៈ ឥឡូវលាប់ជំងឺមហារីកឈាមឡើងវិញ

Timothy Ray Brown គឺជាបុរសទីមួយដែលជាសះស្បាយពីមេរោគអេដស៍ និយាយថា ឥឡូវគាត់លាប់ជំងឺមហារីកឈាមឡើងវិញ ដែលព្យាបាលជាសះស្បើយជាប្រវត្តិសាស្ត្រកាលពី១២ឆ្នាំមុន។

Brown ដែលមានរហស្សនាម​ "អ្នកជំងឺបែរឡាំង" ដោយសារជាកន្លែងគាត់រស់នៅនាពេលនោះ បានផ្សាំខួរឆ្អឹងខ្នងពីអ្នកបរិច្ចាគម្នាក់ ដែលមានភាពស៊ាំពីធម្មជាតិដ៏កម្រប្រឆាំងនឹងមេរោគអេដស៍។ អស់រយៈពេលជាច្រើនឆ្នាំ គេគិតថាគាត់បានជាសះស្បើយពីជំងឺមហារីកឈាម និងមេរោគអេដស៍របស់គាត់ ហើយគាត់នៅតែមិនមានរោគសញ្ញានៃជំងឺអេដស៍។
 
ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយ Brown បាននិយាយថាជំងឺមហារីករបស់គាត់បានវិលត្រឡប់កាលពីឆ្នាំមុន ហើយបានរីករាលដាលយ៉ាងខ្លាំង។ គាត់កំពុងទទួលការមើលថែពិសេសនៅមន្ទីរពេទ្យ ដែលឥឡូវនេះគាត់រស់នៅក្នុងតំបន់ Palm Springs រដ្ឋ California សហរដ្ឋអាមេរិក។

Brown បាននិយាយអំពីការប្តូរខួរឆ្អឹងរបស់គាត់កាលពីឆ្នាំ ២០០៧ ថា "ខ្ញុំនៅតែរីករាយដែលខ្ញុំបានទទួលវា" ។

បុរសវ័យ ៥៤ ឆ្នាំរូបនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៤កញ្ញាថា "វាបានបើកទ្វារដែលមិនធ្លាប់មានពីមុន ហើយបានជំរុញអ្នកវិទ្យាសាស្ត្រឱ្យខិតខំស្វែងរកវិធីព្យាបាល ដែលមនុស្សជាច្រើនបានគិតថាមិនអាចធ្វើទៅបាន"។

Brown ជាជនជាតិអាមេរិកាំងធ្វើការជាអ្នកបកប្រែនៅទីក្រុងបែរឡាំងក្នុងឆ្នាំ ១៩៩០ នៅពេលគាត់ដឹងថាគាត់មានផ្ទុកមេរោគអេដស៍។ នៅឆ្នាំ ២០០៦ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឈាម៕ ប្រភព ៖ Daily Mail 

adverise with khmeread