ភ្លើងឆេះផ្ទះពលរដ្ឋមួយខ្នងនៅឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង

កណ្តាល ៖ មានករណីភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងធ្វើអំពីឈើលើ ថ្មក្រោម ប្រក់ក្បឿង ទទឹង០៦ម៉ែត្រគុណនឹងបណ្តោយ១០ម៉ែត្រ នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នៅវេលាម៉ោង៨យប់ ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ គឹម ប៉ន ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ចំពោះ មូលហេតុដែលបណ្តាលឲ្យមានអគ្គីកើតឡើងគឺមកពីការឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង។

សមត្ថកិច្ចបន្តថា ចំពោះសម្ភារៈខូចខាតរួមមាន ប្រាក់អាមេរិកសរុប៥០០០ដុល្លារ, ទូរទស្សន៍២គ្រឿង, ទូទឹកកក១គ្រឿង, ទូរស័ព្ទដៃ១គ្រឿងម៉ាក Nokia, ទូសម្លៀកបំពាក់៣, ប្លង់ដីចំនួនប្រាំ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ 

សមត្ថកិច្ចបន្តថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋានខេត្តកណ្តាល បានដឹកនាំកម្លាំងពន្លត់អគ្គីភ័យនិងសង្គ្រោះខេត្តដោយផ្ទាល់ ដោយមានកិច្ចការសហការជាមួយកម្លាំងប៉ូលិសស្រុកកណ្តាលស្ទឹងចុះអន្តរាគមន៍ជួយពន្លត់ មានរថយន្តសរុបមាន៧គ្រឿង គឺរថយន្តអគ្គិភ័យខេត្ត២គ្រឿង, រថយន្តអគ្គីភ័យស្រុកកណ្តាលស្ទឹង១គ្រឿង, រថយន្តអគ្គីភ័យនាយកដ្ឋាន៣គ្រឿង និងរថយន្តអគ្គីភ័យរបស់បញ្ជាការដ្ឋានអង្គរក្ស១គ្រឿងប្រើប្រាស់ទឹកអស់តែចំនួន ០៤ឡាន ស្មើ២៨ម៉ែត្រ គូប និងបានរលត់ជាស្ថាពរនៅវេលាម៉ោង៨ និង៥៥នាទីយប់ថ្ងៃដដែល៕


 

adverise with khmeread