ធ្លាក់កម្ទេចធូបផ្សាដែកឆេះភោជនីយដ្ឋាន អិនប្រាំបី(N8)លើកទី២

ភ្នំពេញ ៖ រឿងដដែលៗបានកើតឡើងនៅ ភោជនីយដ្ឋាន អិនប្រាំបី (N8) ដោយមូលហេតុជាងផ្សាដែកធ្វើការធ្វេសប្រហែលឱ្យធ្លាក់កម្ទេចធូបផ្សាដែកឆេះជាលើកទី២ ដោយសមត្ថកិច្ចមិនបានព្រមានឬដាក់ទោសទៅលើជាងផ្សាដែកកាលពីលើកទីមួយ នាថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២០នោះឡើយ។

គ្រោះអគ្គិភ័យលើកនេះផ្ដើមពីមូលហេតុជាងផ្សាដំបូលដែក ធ្វើឱ្យធ្លាក់កំទេចធូបផ្សាដែក បង្កជាអគ្គិភ័យ ឆេះភោជនីយដ្ឋានអិនប្រាំបី (N8) កាលពីវេលាម៉ោង ម៉ោង១១ និង២០នាទីព្រឹក ថៃ្ងសៅរ៍ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីរ៉េត កែងផ្លូវលេខ២៨៦ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា ម្ចាស់ភោជនីដ្ឋាន អិនប្រាំបី ឈ្មោះ Lim Kian Wei Desmond ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ សិង្ហបូរី។ មូលហេតុឆាបឆេះ ដោយសារជាងផ្សាដំបូលដែក ធ្វើឱ្យធ្លាក់កម្ទេចធូបផ្សាដែក បង្កជាអគ្គិភ័យ។ អគារដែលឆេះសង់ពីថ្មបេតុងទំហំ១៥ម៉ែត្រគុណនឹង២៥ម៉ែត្រ ឆេះ
ខូចខាតសម្ភារៈ ឆេះបន្ទប់ភោជនីយដ្ឋាន ទំហំ៤ម៉ែត្រគុណនឹង៨ម៉ែត្រ ចំនួន១បន្ទប់ រួមទាំងឆេះបរិក្ខារ ក្នុងបន្ទប់អស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ 

សមត្ថកិច្ចបានអន្តរាគមន៍ ប្រើប្រាស់រថយន្តអគ្គីភ័យ អស់ជាច្រើនគ្រឿង ដោយគ្រប់គ្រងស្ថានការណ៍ពន្លត់ទាំងស្រុង នៅម៉ោង​១រសៀល នាថ្ងៃខែឆ្នាំដដែល។ ករណីនេះពុំបណ្ដាលឱ្យមានមនុស្សរបួសឬស្លាប់នោះឡើយ។

គួររម្លឹកថា កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថៃ្ងពុធទី២៣ ខែកញ្ញា ឆ្នាំ២០២០ ភោជនីយដ្ឋាន អិនប្រាំបី(N8)បានរងគ្រោះឆេះម្តង  បណ្តាលមកពីជាងផ្សាដែកធ្វេសប្រហែសធ្លាក់កម្ទេចធូបបង្កឱ្យឆេះ បណ្តាលឱ្យឆេះដំបូលអគារភោជនីយដ្ឋានសង់ពីដែកប្រក់ស័ង្កសី ទំហំ១៥ម៉ែត្រគុណនឹង២០ម៉ែត្រ អស់ទាំងស្រុងតែពុំ បណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

កាលណោះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍រួមមាន រថយន្តការិយាល័យអគ្គិភ័យ​ចំនួន​១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ស្មើនឹង៤១ម៉ែត្រគូប, រថយន្តជំនួយមាន 
រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៤ម៉ែត្រគូប,
រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡានស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង១២ម៉ែត្រគូបនិងរថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យា៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង១២ម៉ែត្រគូប។

សរុបរថយន្តអគ្គិភ័យដែលចូលរួមក្នុងកិច្ចប្រតិបត្តិការពន្លត់ទាំងអស់មានចំនួន២៦គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១៦ឡានស្មើនឹង៨១ម៉ែត្រគូប ហើយបានពន្លត់ចប់​នៅម៉ោង​៥ និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល។

ចំពោះជាងផ្សាដែកដែលជាជនបង្ក សមត្ថកិច្ចមិនបានចាត់ការតាមនីតិវិធីហៅមកព្រមាន ឬដាក់ទោសទៅលើជាងផ្សាដែកនោះឡើយ៕


 

adverise with khmeread