មន្ត្រីប៉ូលិសម្នាក់ដកកាំភ្លើងខ្លីបាញ់មេជាងកាត់សក់ម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ មេជាងកាត់សក់ម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានជនសង្ស័យជាមន្ត្រីប៉ូលិសបាញ់មួយគ្រាប់ចំដើមទ្រូង ធ្លាយទៅឆ្អឹងខ្នងចំហៀងខាងឆ្វេង ដោយសាររឿងគំនុំ កើតឡើងកាលពីវេលាម៉ោងប្រហែល៨និង៤០នាទីយប់ថ្ងៃសៅរ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជនរងគ្រោះយីហោ កាត់សក់សុខម៉េង ផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុមទី៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ លី ថារិយ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរមន្ត្រីប៉ូលិស ស្នាក់នៅផ្ទះជួលលេខ១៨ ផ្លូវលេខ២៩១ ក្រុមទី៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រើប្រាស់អាវុធខ្លីមួយដើមមិនស្គាល់ម៉ាក (គេចខ្លួនបាត់)។ ពិនិត្យទីកន្លែងហេតុឃើញមានសំបកគ្រាប់អាវុធខ្លីមួយគ្រាប់មិនស្គាល់ម៉ាក (ចាប់យកពីកន្លែងកើតហេតុ)។

ចំណែកជនរងគ្រោះឈ្មោះ សុខ ធូន ហៅកេន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុមទី៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះមានស្លាកស្នាម របួសចំដើមទ្រូង០១គ្រាប់ធ្លាយទៅខ្នងចំហៀងខាងឆ្វេង ស្លាប់នៅហ្នឹងកន្លែង។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះបានមកជួលផ្ទះនៅកន្លែងកើតហេតុខាងលើប្រកបមុខរបរកាត់សក់រយៈពេល ២០ ឆ្នាំកន្លងមកហើយដោយមានទាំងកូនជាងបួនទៅប្រាំនាក់ទៀត។ ចំណែកជនសង្ស័យបានមកជួលផ្ទះជាប់នឹងផ្ទះជនរងគ្រោះរយៈពេលប្រមាណជាង៣ខែប៉ុណ្ណោះដោយលក់អីវ៉ាន់ចាប់ហួយនិងភេសជ្ជ:។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះមិនដែលមានទំនាស់អ្វីជាមួយជនសង្ស័យនោះទេ ដោយសារកន្លងមកថ្មីៗនេះ ជនសង្ស័យបានអាក់អន់ស្រពន់ចិត្តរឿងចំណីផ្លូវនៅមុខផ្ទះដោយជនរងគ្រោះបានយកម៉ូតូ និងឡានយកទៅចតមុនផ្ទះជាប់ខាងរបងប៉ាស្ទ័រ, ដោយជនសង្ស័យរកកន្លែងចតមិនឃើញជនសង្ស័យបានប្តឹងទៅខាងសាលាសង្កាត់ឱ្យចុះមកធ្វើការណែនាំទៅលើជនរងគ្រោះ ដែលយកឡានម៉ូតូទៅចតលើចំណីផ្លូវនៅមុខផ្ទះ។

បន្ទាប់មកខាងសង្កាត់ក៏បានចុះមកប្រាប់ជនរងគ្រោះ ឱ្យឈប់យកម៉ូតូឡានចតនៅកន្លែងហ្នឹងទៀត ខ្លាចមានទំនាស់គ្នាទៅថ្ងៃក្រោយ។ លុះដល់ម៉ោងកើតហេតុជនរងគ្រោះនិងកូនជាង បាននាំគ្នាផឹកស៊ីបន្តិចបន្តួចនៅខាងមុខផ្ទះជាមួយកូនជាង។ ក្រោយផឹកស៊ីរួចជនរងគ្រោះក៏បានយកសម្ភារៈដែលនៅមុខផ្ទះយកទុកក្នុងផ្ទះ។

ខណៈនោះលេចមុខជនសង្ស័យបានមកវាយជនរងគ្រោះមួយប្រាវដោយមិនដឹងមូលហេតុ ភ្លាមៗ នោះរូបគាត់ឃើញគេវាយសាច់ញាតិរបស់ខ្លួនបានចូលទៅសួរនាំថា «ហេតុអ្វីបានជាវាយគាត់ចឹង» ស្រាប់តែជនសង្ស័យបានដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះមួយគ្រាប់ចំដើមទ្រូងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកជនសង្ស័យក្រោយពីបាញ់សម្លាប់រួចបានឡើងជិះរថយន្តគេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចប៉ូលិសមូលដ្ឋានក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថខណ្ឌបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការហ៊ុំព័ទ្ធនៅចំណុចទីតាំងកើតហេតុខាងលើ រួចបានរាយការណ៍ទៅផ្នែកជំនាញកោសល្យវិច័យចុះមកពិនិត្យ។ ក្រោយពីជំនាញផ្នែកកោសល្យវិច័យ បានពិនិត្យទៅលើសាកសពរួចបានប្រាប់ថា «ជនរងគ្រោះស្លាប់ដោយជនសង្ស័យបាញ់១គ្រាប់ចំដើមទ្រូងពិតប្រាកដមែន» រួចបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕


 

adverise with khmeread