ឡានស្លាកលេខខ.មដឹកសត្វប្រវឹកព្រៃ៥៥៣ក្បាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់

សៀមរាប ៖ ប៉ូលិស​ស្រុក​ប្រាសាទបាគងនិង ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តសៀមរាប បានឃាត់រថយន្តពាក់ស្លាកលេខខ.មដឹកសត្វប្រវឹកព្រៃ៥៥៣ក្បាល នៅយប់ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ហើយបានប្រគល់ទៅ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ កញ្ញា។

ប៉ូលិស​ស្រុក​ប្រាសាទបាគង បាន​​ឱ្យ​ដឹង​ថា មាន​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខ​.​ម​.2-6158 ដឹក​សត្វ​ប្រវឹក​ព្រៃ​ចំនួន ៥៥៣​ក្បាល បម្រុង​បើកគេចពីសមត្ថកិច្ចយកទៅលក់នៅភ្នំពេញ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​កំពុង​ល្បាត ខណៈ​ពេល​នោះ​ឃើញ​រថយន្ត ខ​.​ម មួយ​គ្រឿង​ឆ្លងកាត់ក៏​កាក់​សួរព្រមទាំង​ធ្វើការ​ត្រួតពិនិត្យក៏​ឃើញ​សត្វព្រៃ ហើយ​ឃាត់​យក​មក​ទុក​នៅ​អធិការ​ដ្ឋានស្រុក​ប្រាសាទបាគង ដើម្បី​ទុកប្រគល់​ឱ្យ​មន្ត្រី​ជំនាញ យក​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

ប៉ូលិស​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០២​នាក់ ជា​អ្នកបើកបរនិង​អ្នក​រួម​ដំណើរ ​១-ឈ្មោះ យ៉េ​ង ឈុ​ន​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ពន្លក ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​ទី​២- ឈ្មោះ ឆាត រស្មី រស់នៅ​ភូមិ​គាប ឃុំ​ទឹក​ផ្លា ស្រុក​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បន្ទាប់​ពី​បាន​សាកសួរ ឭជនសង្ស័យ​បាន​សារភាព​ថា សត្វ​ប្រវឹក​ព្រៃ​ទាំងនេះត្រូវ​បាន​ពួក​គេ​លួច​នាំ​ចូល​មក​ពី​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បម្រុងយក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​។

ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​ប្រាសាទបាគង​សហការជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្តសៀមរាប ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ចាត់ការ​បន្ត។

លោក​ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​ថា សត្វ​ប្រ​វឹក​ដែល​ខាង​ប៉ូលិស​ស្រុក​​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ លោក​និង​ក្រុមការងារ​សម្រេច​ថា នឹង​យក​ទៅ​ប្រលែង​នៅ​សហគមន៍​បឹង​ឈូក ក្នុងស្រុក​បន្ទាយស្រី ព្រោះ​ទីនោះ​មាន​អ្នក​ការពារ​សត្វព្រៃ​បាន​តឹងតែង​ដោយសារ​អាជ្ញាធរ​ស្រុក​បន្ទាយ​ស្រីធ្វើការ​យាមកាម​បាន​ម៉ត់ចត់​ខ្លាំង​ណាស់៕


 

adverise with khmeread