រកឃើញសពស្ត្រីម្នាក់ដែលព្យាយាមឆ្លងអូរព្រំដែនត្រឡប់មកពីប្រទេសថៃវិញលង់ទឹកស្លាប់

ប៉ៃលិន ៖ លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យមើលដល់កន្លែងកើតហេតុ និងដឹកនាំកងកម្លាំងចម្រុះដោយផ្ទាល់ស្រង់យកសពស្ត្រីរងគ្រោះដែលត្រូវជំនន់ទឹកភ្លៀងអូសតាមទឹក ខណៈកំពុងព្យាយាមឆ្លងអូរព្រំដែនត្រឡប់មកពីប្រទេសថៃវិញ ដោយបានរកឃើញនៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីកន្លែងកើតហេតុ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពស្ត្រីរងគ្រោះ និងបានឧបត្ថម្ភថវិកាចំនួន ១លានរៀល ដល់ក្រុមគ្រួសារសាច់ញាតិ ព្រមទាំងជួយរថយន្តដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតនាខេត្តត្បូងឃ្មុំទៀតផង។

លោកអភិបាលខេត្ត មានប្រសាសន៍កោតសរសើរ ដល់កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំស្វែងរកសពស្ត្រីរងគ្រោះ ដោយមិនគិតពីការនឿយហត់ អស់រយៈពេល ១សប្តាហ៍មកហើយ រហូតរកឃើញសព ហើយបានប្រគល់ឱ្យសាច់ញាតិវិញ។

គួររម្លឹកថា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ មានពលករឆ្លងដែនគ្នា ០៣នាក់ ត្រូវជាម្តាយ ឪពុក កូននិងគ្នា ក្នុងនោះជនរងគ្រោះដែលបានស្លាប់និងបាត់ខ្លួនឈ្មោះ សេង ស្រីម៉ៅ អាយុ ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ 

ចំណែកប្តីឈ្មោះ ឆោ ឆេង អាយុ ៤១ឆ្នាំ និងកូនស្រីឈ្មោះ ឆេង ដាណេត អាយុ ១៥ឆ្នាំ បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រកធម្មជាតិអូរព្រំដែនកម្ពុជា​-ថៃ ខណៈស្ថានភាពទឹកកំពុងឡើងខ្លាំងដោយជំនន់ទឹកភ្លៀង ដោយអូសជនរងគ្រោះទៅតាមទឹកបាត់ទៅ ហើយរហូតមកដល់ពេលនេះមានរយៈពេលមួយសប្តាហ៍ រកឃើញសពវិញហើយ៕

adverise with khmeread