អាមេនីនិងអាហ្សៃបៃហ្សង់ផ្ទុះអាវុធទ្រង់ទ្រាយធំនៅតំបន់ព្រំដែនជម្លោះ ស្លាប់ជនស៊ីវិលទាំងសងខាង

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងរវាងអាមេនីនិងអាហ្សៃបៃហ្សង់ជុំវិញតំបន់ជម្លោះ Nagorno-Karabakh ដោយមានជនស៊ីវិលស្លាប់ទាំងសងខាង។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃអាទិត្យទី២៧កញ្ញា។

ដោយចោទប្រកាន់អាហ្សៃបៃហ្សង់ថាបានវាយប្រហារតាមអាកាសនិងបាញ់កាំភ្លើងធំ អាមេនីបានរាយការណ៍អំពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនិងកម្ទេចរថក្រោះជាច្រើនគ្រឿង និង បានប្រកាសច្បាប់អាជ្ញាសឹក។

អាហ្សៃបៃហ្សង់បាននិយាយថាខ្លួនបានចាប់ផ្តើមបាញ់តបតនឹងការបាញ់ផ្លោងវិញ។

តំបន់នេះត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសអាហ្សៃបៃហ្សង់ ប៉ុន្តែគ្រប់គ្រងដោយជនជាតិដើមអាមេនី។

ប្រទេសទាំងពីរបានបែកបាក់គ្នានៅក្នុងឆ្នាំដែលសហភាពសូវៀតដួលរលំ។ ទាំងអាមេនីនិងអាហ្សៃបៃហ្សង់ធ្លាប់ជាផ្នែកមួយនៃរដ្ឋកុម្មុយនីស្តសូវៀត ដែលខ្វែងគំនិតគ្នាទាំងខាងជនជាតិនិងសាសនា។

ក្នុងពេលកំពុងមានការប៉ះទង្គិចគ្នា ប្រធានាធិបតីអាហ្សៃបៃហ្សង់លោក Ilham Aliyev បាននិយាយថាលោកមានទំនុកចិត្តក្នុងការដណ្តើមការគ្រប់គ្រងលើតំបន់បែងចែកនេះវិញ។

ច្បាប់អាជ្ញាសឹកក៏ត្រូវបានប្រកាសនៅក្នុងតំបន់មួយចំនួននៃប្រទេសអាហ្សៃបៃហ្សង់ផងដែរ។

ជម្លោះនៅតំបន់ភ្នំ Caucasus មិនអាចដោះស្រាយបានជាង៣ទសវត្សរ៍មកហើយ ដោយធ្លាប់មានការប៉ះទង្គិចម្តងម្កាល។ ការប៉ះទង្គិចគ្នាកាលពីខែកក្កដាថ្មីៗនេះបានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់ ដោយញ៉ាំងឱ្យមានបាតុកម្មទ្រង់ទ្រាយធំនៅរដ្ឋធានី Baku របស់អាហ្សៃបៃហ្សង់ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដណ្តើមយកតំបន់នេះវិញ។ 

កាលពីថ្ងៃអាទិត្យទី២៧កញ្ញា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានសន្យាគាំទ្រដល់អាហ្សៃបៃហ្សង់ក្នុងអំឡុងវិបត្តិថ្មីនេះ ខណៈរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់អាមេនី អំពាវនាវឱ្យបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ និងឱ្យភាគីទាំងពីរចរចាគ្នាដើម្បីរក្សាស្ថិរភាពក្នុងតំបន់៕

adverise with khmeread