ស្រីលង្កាបញ្ជូន "សំរាមគ្រោះថ្នាក់" ២១ កុងតឺន័រឱ្យទៅចក្រភពអង់គ្លេសវិញ

ស្រីលង្កានិយាយថាខ្លួនបានបញ្ជូនកាកសំណល់កែច្នៃចំនួន ២១ កុងតឺន័រត្រឡប់ទៅចក្រភពអង់គ្លេសវិញបន្ទាប់ពីអាជ្ញាធររកឃើញវាមានផ្ទុកសារធាតុគ្រោះថ្នាក់។ នេះយោងតាម BBC សរសេរកាលពីថ្ងៃអាទិត្យទី២៧កញ្ញា។

ក្រុមមន្រ្តីគយបាននិយាយថា សំរាមមន្ទីរពេទ្យ ថង់ប្លាស្ទិក និងសារធាតុប៉ូលីស្ទីនត្រូវបានរកឃើញនៅក្នុងកុងតឺន័រចំនួន ២៦៣ ដែលនាំចូលក្នុងឆ្នាំ ២០១៧ ដោយក្រុមហ៊ុនឯកជនមួយ។

សំរាមដែលដឹកឱ្យអង់គ្លេសវិញរួមមានទាំងពូក កំរាលព្រំ និង វាំងននផងដែរ។

កុងតឺន័រភាគច្រើនត្រូវបានរក្សាទុកនៅក្នុងឃ្លាំង ដោយមានសំរាមតិចតួចណាស់ត្រូវបានកែច្នៃរួចនាំចេញវិញ។

វិធានការផ្លូវច្បាប់ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរស្រីលង្កាបានចាប់សំរាមគ្រោះថ្នាក់ទាំងនេះក្នុងឆ្នាំ ២០១៨។

ក្រុមមន្រ្តីបាននិយាយថាកុងតឺន័រទាំង ២១ បានចាកចេញពីប្រទេសស្រីលង្កាកាលពីថ្ងៃសៅរ៍។

អ្នកនាំពាក្យគយលោក Sunil Jayaratne បាននិយាយថាការនាំចូលសំរាមទាំងនេះគឺរំលោភលើច្បាប់និងបទប្បញ្ញត្តិអន្តរជាតិនិងសហភាពអឺរ៉ុបស្តីពីកាកសំណល់គ្រោះថ្នាក់និងកាកសំណល់កែច្នៃ។

បណ្តាប្រទេសជាច្រើនទៀតនៅក្នុងតំបន់ថ្មីៗនេះបានចាប់ផ្តើមប្រគល់កាកសំណល់ដែលនាំចូលពីបរទេស។

កាលពីខែមករាប្រទេសម៉ាឡេស៊ីបានប្រគល់សំរាមប្លាស្ទិកចំនួន ៤២ កុងតឺន័រឱ្យទៅចក្រភពអង់គ្លេសវិញ៕

adverise with khmeread