រថយន្ត Ford បើកបុករ៉ឺម៉កដឹកទូកញ្ចក់បើងរងរបួសធ្ងន់៣នាក់នៅខណ្ឌចំការមន

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនពេកបានរេចង្កូតជ្រុលទៅបុករ៉ឺម៉កដឹកទូកញ្ចក់ពេញទំហឹងប៉ើងជាច្រើនម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់៣នាក់ ហើយរថយន្តព្យាយាមបើករថយន្តទៅចតចោលនៅផ្លូវលេខ២៥២តៃកុងរត់ឡើងរថយន្តមួយទៀតគេចខ្លួនបាត់។

គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យទី២៧ ខែកញ្ញា ឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុកែងផ្លូវសុធារស ចំណុចស្តុបនាគបាញ់ទឹកក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បើករថយន្តម៉ាក Ford Platinum
ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-6667 ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករ៉ឺម៉កម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1A.0509 ដឹកទូកញ្ចក់បើកដោយយុវជនបីនាក់ តាមបណ្តោយផ្លូវសុធារស់បើកពីជើងទៅត្បូងក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឱ្យប៉ើងរងរបួសធ្ងន់ទាំង៣នាក់។ភ្លាមៗត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះជីវិត។

ចំណែករថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេព្យាយាមបើករត់រហូតផ្លូវលេខ២៥២កែងផ្លូវលេខ៦៣ទើបឈប់រថយន្ត រួចរត់ឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់តែម្តង។ រថយន្តបង្កខូចខាតមួយកំណាត់មុខខាងស្ដាំ។ ចំណែករ៉ឺម៉ករងការខូចខាតខ្ទេចទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កនិងរ៉ឺម៉ករងគ្រោះទៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំឱ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕


 

adverise with khmeread