ចាប់ចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិក្នុងផ្ទះម្នាក់, រត់រួចម្នាក់ នៅបុរីពិភពថ្មីកួរស្រូវ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនក្នុងករណីគាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិក្នុងផ្ទះម្ចាស់មិននៅ កើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី ត្រង់ចំណុចផ្ទះលេខ៨៤ ផ្លូវលេខ៦ បុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិ ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
    
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ថេង សុវត្ថឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិលេខ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះម៉េង ជីវ័ន្ត ហៅហ័រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលចុងដី សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
    
វត្ថុតាងចាប់យកឈើជ្រុងប្រវែង៨០សង់ទីម៉ែត្រចំនួន០១ដើម, ដែកចំរឹងបង្អួចប្រវែង៥០សង់ទីម៉ែត្រចំនួន០៣, ទូរទស្សន៍ម៉ាកសាមសុង ពណ៌ខ្មៅចំនួន០១គ្រឿង, តេឡេទូរទស្សន៍ម៉ាកសាមសុងពណ៌ខ្មៅចំនួន០១។
      
ប៉ូលិសបន្តថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី ជនសង្ស័យចំនួន០២នាក់ គឺឈ្មោះ ម៉េង ជីវ័ន្ត ហៅ ហ័រ និងឈ្មោះ ង៉ោ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា Beat ពណ៌ក្រហម មិនស្គាល់ផ្លាកលេខ លេខតួនិងលេខម៉ាស៊ីន មកធ្វើសកម្មភាពប្រើឈើជ្រុងប្រវែង៨០សង់ទីម៉ែត្រ គាស់ចំរឹងបង្អួចផ្ទះរបស់ជនរងគ្រោះឈ្មោះ ថេង សុវត្ថឌី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៨៦ បុរីពិភពថ្មីកួរស្រូវ ផ្លូវបេតុងលេខ០៦ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយផ្ទះកើតហេតុនេះជនរងគ្រោះបានបិទទ្វារចាក់សោទុកចោល គ្មានមនុស្សរស់នៅ និងដេកយាមទេ ប៉ុន្តែជនរងគ្រោះបានចេញចូលម្តងម្កាល។ 

ពេលជនសង្ស័យទាំង០២នាក់ខាងលើ បានធ្វើសកម្មភាពគាស់កញ្ចក់បង្អួច ហើយគាស់ចំរឹងបង្អួចបាក់អស់ចំនួន០៣ រួចជនសង្ស័យម្នាក់ឈ្មោះ ម៉េង ជីវ័ន្ត ហៅហ័រ បានលូនចូលទៅក្នុងផ្ទះ រើកកាយខោអាវនៅក្នុងទូរ និងលួចយក ១-តេឡេទូរទស្សន៍ម៉ាកសាមសុង ពណ៌ខ្មៅ ចំនួន០១, ២-ទូរទស្សន៍ម៉ាក SAMSUNG កញ្ចក់៥០អ៊ីង បម្រុងលើកចេញមកខាងក្រៅ ដែលមានបក្ខពួកគេម្នាក់កំពុងចាំនៅខាងក្រៅក៏ត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខបុរីពិភពថ្មី បានឃើញក៏ស្រែកឆោឡោថា ចោរៗ។ 

ខណៈពេលនោះក៏មានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹស ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះស្រាប់ បានជួយអន្តរាគមន៍ឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ម៉េង ជីវ័ន្ត ហៅ ហ័រ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវីធីច្បាប់។ ចំណែកជនសង្ស័យឈ្មោះ ង៉ោ បានបើកម៉ូតូគេចខ្លួនបាត់។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពគាស់កញ្ចក់បង្អួច និងចំរឹងបង្អួចផ្ទះរបស់ជនរងគ្រោះ រួចចូលលួចយកទ្រព្យសម្បត្តិ ប្រាកដមែន ហើយកន្លងមករូបគេ (ជនសង្ស័យ) និងបក្ខពួកធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានចំនួន០១លើករួចមកហើយនៅក្នុងបុរីពិភពថ្មីខាងលើ។

ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕


 

adverise with khmeread