មានចឹងទៀត! ពិធីការិនី BBC ម្នាក់សុំគេកាត់លុយប្រាក់ខែ ក្រោយម្ចាស់ស្ថានីយដំឡើងប្រាក់ខែជាង១លានផោន

ពិធីការិនីរបស់ BBC លោកស្រី Zoe Ball បានស្នើទៅ BBC ឱ្យបន្ថយប្រាក់ខែរបស់ខ្លួន ដោយសារតែលោកស្រីមានអារម្មណ៍ "មិនស្រណុកចិត្ត" ជាមួយនឹងប្រាក់ដំឡើង ១លានផោនរបស់ខ្លួន។ នេះបើយោងតាមវេបសាយ DailyMail ចេញផ្សាយពីកាលថ្ងៃចន្ទម្សិលមិញនេះ។

ពិធីការិនីកម្មវិធីវិទ្យុ Radio Two Breakfast Show រូបនេះ មានប្រាក់ចំណូលកើនដល់ ១,៣៦លានផោនក្នុងមួយឆ្នាំក្នុងឆ្នាំ២០១៩ ជាឆ្នាំដែលគាត់បានចូលជំនួសតំណែងរបស់ពិធីករលោក Christopher James Evans។

លោកស្រីបានក្លាយទៅជាបុគ្គលរកកម្រៃបានខ្ពស់បំផុតរបស់ BBC ពេលដែលពិធីករដ៏ល្បីល្បាញរបស់កម្មវិធីទូរទស្សន៍ Match of the Day ដែលវិភាគពីបាល់ទាត់លីកកំពូល Premier League លោក Gary Lineker កាលពីពេលថ្មីៗនេះបានយល់ព្រមទទួលយកការកាត់បន្ថយប្រាក់ខែរបស់លោក ២៣ភាគរយ ពេលដែលគាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំថ្មីជាមួយកម្មវិធីទូរទស្សន៍មួយនេះ។

លោកស្រី​ Zoe វ័យ ៤៩ឆ្នាំ គឺមានបំណងចង់បន្ទាបប្រាក់ខែរបស់ខ្លួននៅក្រោមអតីតខ្សែប្រយុទ្ធឆ្នើមរបស់អង់គ្លេសលោក Gary Lineker ដែលនឹងត្រៀមទទួលបានប្រាក់ប្រមាណជា ១,៣លានផោនក្នុងមួយឆ្នាំ បន្ទាប់ពីការកាត់បន្ថយប្រាក់ខែរបស់គាត់។

ប្រភពខាងក្នុងរបស់ BBC បានប្រាប់ទៅវេបសាយ The Sun ថា "Zoe គឺត្រូវបានគេផ្តល់នូវប្រាក់ដំឡើងដ៏ធំមួយ ពេលដែលនាងបានចាប់យកការងារមួយនេះ ដោយសារតែជម្លោះប្រាក់ខែទាក់ទិននឹងភេទនៅឯ BBC គឺកំពុងរាលដាលយ៉ាងខ្លាំង ហើយនឹងបានជំនួសបុរសម្នាក់ដែលមានប្រាក់ចំណូលដ៏ធំនៅក្នុងការងារដ៏ខ្ពស់មួយ។ នាងតែងតែពេញចិត្តនឹងប្រាក់ចំណូលដែលនាងទទួលបាន ហើយពិតជាខិតខំធ្វើការ ដោយងើបម៉ោងបួនព្រឹកជាប្រចាំ និងបម្រើការងារក្នុងពេលជាច្រើនម៉ោង។ ប៉ុន្តែស្ថិតនៅក្នុងអាកាសធាតុប្រែប្រួលបច្ចុប្បន្ន និងអំឡុងរោគរាតត្បាតវាយលុក នាងពិតជាមានអារម្មណ៍រសាប់រសល់កើនឡើងអំពីលុយប៉ុន្មានដែលនាងរកបាន ដូច្នេះនាងបានស្នើថា វាគឺត្រូវតែកាត់បន្ថយ"។

យោងតាមរបាយការណ៍អ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ BBC លោកស្រី Zoe Ball អាចរកបានចំណូលបានប្រមាណជា ៣៧០.០០០ផោន ដែលជាចំណូលខ្ពស់បំផុតរបស់នាងកាលពីមុន។

ប្រាក់ដំឡើងរហូតដល់១លានដុល្លារនេះកើតឡើងបន្ទាប់លោកស្រី Ball បានចាប់តួនាទីពិធីករកម្មវិធី BBC Radio Two's Breakfast Show ពីពិធីករចាស់វស្សារបស់កម្មវិធីមួយនេះគឺលោក Christopher James Evans ដែលបានចាកចេញទៅកាន់កម្មវិធីវិទ្យុ Virgin Radio៕

adverise with khmeread