ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈស្ត្រីម្នាក់មិនបានសម្រេច

ពោធិ៍សាត់ ៖ ប៉ូលិសស្រុកភ្នំក្រវាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈស្ត្រីម្នាក់មិនបានសម្រេច ថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិកំពង់ខ្ញុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ហៀន ដៀល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ រ.យ អាយុ ៥៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា។

ស្រ្តីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យហៀន ដៀលបានធ្វើសកម្មភាពអូសដៃគាត់ ខណៈគាត់កំពុងនៅក្រោមផ្ទះដោយគំរាមអារកសម្លាប់។ មិនតែប៉ុណ្ណោះថែមទាំងអូសដៃយកទៅចំណុចមាត់បឹង នៅផ្នែកខាងក្រោយផ្ទះចម្ងាយប្រមាណ៦០ម៉ែត្រ បំណងរំលោភសេពសន្ថវ:តាមរយ:ការគំរាម និងបង្ខំរូបគាត់ឱ្យដោះសម្លៀកបំពាក់ បើពុំដូច្នោះទេវានឹងអារកសម្លាប់ចោល។ ប៉ុន្តែសំណាងល្អពេលនោះបានកូនរបស់គាត់បំភ្លឺភ្លើងពិលស្រែកហៅម្ដាយ ធ្វើឱ្យជនសង្ស័យហៀន ដៀលភិតភ័យក៏រត់គេចបាត់ទៅ។

សមត្ថកិច្ចបន្តថា ក្រោយមកសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យហៀន ដៀល នាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋានប៉ូលិសស្រុកភ្នំក្រវាញ និងបានធ្វើតេស្ដទឹកនោមរកសារធាតុញៀនឃើញវិជ្ជមានទៀតផង។ សមត្ថកិច្ចកំពុងបំពេញសំណុំបែបបទកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមច្បាប់៕


 

adverise with khmeread