អ្នកយកព័ត៌មានម្នាក់ស្លាប់នៅលើដងផ្លូវមិនទាន់ដឹងមូលហេតុ

ភ្នំពេញ ៖ បុរសជាអ្នកយកព័ត៌មានម្នាក់បានស្លាប់នៅលើដងផ្លូវមិនទាន់ដឹងមូលហេតុបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ខាងមុខរោងចក្រឃ្យូអឹមអាយ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកព័ត៌មានអង្គភាព CBN TV Online ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-1507។ 

ប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យម្នាក់ដេញតាមពីក្រោយមួយសន្ទុះក៏ស្ងាត់ទៅវិញ។

ប្រភពបន្តទៀតថា ពេលគាត់មកមើលស្រាប់តែឃើញបុរសខាងលើបែកក្បាលស្លាប់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញ ឈើជ្រុងមួយដើម មួកសុវត្ថិភាពចំនួន២ ស្បែកជើង២គូ និងមួកសាច់កាណាត់ចំនួន២ សង្ស័យជារឿងឃាតកម្ម ឬប្លន់មិនសម្រេចក៏មិនទាន់ដឹងច្បាស់។ 

បច្ចុប្បន្នសពបុរសខាងលើសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យ និងត្រួតពិនិត្យស្រាវជ្រាវ លើករណីនេះបន្តតាមជំនាញ៕

adverise with khmeread