មន្ត្រីយោធាពាក់ស័ក្តិ៤កន្លះបាញ់គំរាមស្ត្រីម្នាក់ មុខផ្ទះបុណ្យ៧ថ្ងៃនៅស្រុកព្រៃនប់

ព្រះសីហនុ ៖ មានករណីបាញ់គំរាមមួយកើតឡើង​បង្កដោយជន​សង្ស័យ​ម្នាក់​ជាមន្ត្រីយោធាពាក់ស័ក្តិ៤កន្លះ បង្កការ ភ្ញាក់ផ្អើលនាយប់ ថ្ងៃទី​២៨ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង​៩ និង៣០នាទីយប់ នៅចំណុចមុខផ្ទះបុណ្យ០៧ថ្ងៃ​ស្ថិតក្នុង​ភូមិ​ព្រៃ​នប់២ ឃុំព្រៃ​នប់ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ហើយជនបង្កបើកឡានរត់គេចបាត់។
 
លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការប៉ូលិសស្រុកព្រៃនប់ បានឱ្យដឹងថា នៅវេលាយប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២០ មានករណីបាញ់គំរាមមួយករណីនៅស្រុកព្រៃនប់ បង្កឡើងដោយជនសង្ស័យឈ្មោះ ភិន សៅសាយ័ណ្ណ ហៅណូ ភេទប្រុស មុខរបរយោធា មានទីលំនៅ​រាជធានីភ្នំពេញ បានប្រើអាវុធខ្លី (មិនស្គាល់ម៉ាក) បាញ់ឡើងលើចំនួន០២​គ្រាប់ដើម្បីគំរាមជនរងគ្រោះឈ្មោះ ​ចៅ វន្នី ភេទស្រី អាយុ​២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

លោកអធិការបន្តថា ក្រោយពីធ្វើ​សកម្មភាព​ភាពរួចជនសង្ស័យបានបើក​រថ​យន្តម៉ាក VIGO ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ-...២៤​ចុង ​រត់គេចខ្លួនបាត់។​ចំពោះមូលហេតុដែលឈានដល់មន្ត្រីយោធាបាញ់គំរាមខាងលើនេះ គេនៅពុំទាន់ដឹងមូលហេតុជាក់លាក់នៅឡើយទេ។ យ៉ាងណាក៏ដោយអត្តសញ្ញាណជនបង្កត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕


 

adverise with khmeread