ប៉ូលិសស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ៤នាក់នៅឃុំក្រាំងយ៉ូវពាក់ព័ន្ធគ្រឿងញៀន

កណ្តាល ៖ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិសស្រុកស្អាង ឃាត់ខ្លួនក្នុងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ឋ នៅថ្ងៃចន្ទទី ២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩ និង៤០នាទីយប់នៅចំណុចផ្ទះបងស្រីរបស់ឈ្មោះ ខុន សូយទ្រី ស្ថិតក្នុងភូមិអពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ខុន សូយទ្រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ, ២-ឈ្មោះ មឿន សុផា ហៅ ម៉ាំ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ, ៣-ឈ្មោះ សុំ សេត ហៅ ឆ្លិញ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ អ្នកទាំងបីខាងលើ មានទីលំនៅភូមិ អពិល ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល និង៤-ឈ្មោះ សុខលី សាំងហេង ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ព្រូឡាន ទីលំនៅភូមិ ធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោង ៨ និង៥៧នាទីយប់ ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឱ្យអាណាព្យាបាលយកទៅមណ្ឌលកែប្រែបន្សាបសារធាតុញៀនដោយខ្លួនឯង។ វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងសម្ភារៈប្រើប្រាស់មួយចំនួន ។

ប៉ូលិសបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងប្រជាការពារឃុំ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច និងសម្ភារៈខាងលើ រួចនាំខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើ រួមជាមួយវត្ថុតាង បញ្ជូនមកប៉ុស្តិ៍ក្រាំងយ៉ូវ ដើម្បីសាកសួរ។

ជនសង្ស័យឈ្មោះ ខុន សូយទ្រី បានសារភាពថា ខ្លួនបានយកដាវចំនួន ០១ដើម ទៅដូរយកគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច ពីឈ្មោះ ម៉ាយ ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុចភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់ជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ (១-២-៣) បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

adverise with khmeread