សមត្ថកិច្ចបំបែកសំណុំរឿងប្តីសម្លាប់ប្រពន្ធយកទៅកប់ចោលក្រោយផ្ទះ នៅស្រុកជាំក្សាន្ត

ព្រះវិហារ ៖ ជនសង្ស័យជាមន្ត្រីយោធាពាក់សក្តិ៣ ដែលជាប់ជំពាក់ក្នុងរឿងឃាតកម្ម សម្លាប់ប្រពន្ធ រួចអូសសាកសពយកទៅកប់ចោលក្រោយផ្ទះ ត្រូវបានកម្លាំងប៉ូលិសស្រុកជាំក្សាន្ត សហការជាមួយកម្លាំងការិយាល័យទី២ អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ចុះបើកការស្រាវជ្រាវឈានទៅឃាត់ខ្លួន ហើយបានបង្ហាញមុខនាថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២០។

លោកវរៈសេនីយ៍ទោ ឱ សេង អធិការប៉ូលិសស្រុកជាំក្សាន្ត បានឱ្យដឹងថា ក្រោយការស្រាវជ្រាវអស់រយៈពេល ១សប្តាហ៍ បន្ទាប់ពីកើតឡើងនៃអំពើឃាតកម្មប្តីសម្លាប់ប្រពន្ធនោះមក កម្លាំងសមត្ថកិច្ចចម្រុះ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ិន ស៊ឺម អាយុ ៥២ឆ្នាំជាមន្ត្រីយោធា មានឋានៈស័ក្តិ៣ មានតួនាទីជាមេបញ្ជាការរង គ៣ នៃវរៈសេនាតូចលេខ៣៨២ ចំណុះកងពលតូចអន្តរាគមន៍លេខ៨។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ហួយ ផល្លា អាយុ ៥៥ឆ្នាំ ជាមេផ្ទះ ប្តីនិងប្រពន្ធទាំងពីរនាក់ រស់នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ 


ពាក់ព័ន្ធនឹងរឿងអំពើឃាតកម្ម ប្តីសម្លាប់ប្រពន្ធ រួចអូសសាកសពយកទៅកប់ចោលក្រោយផ្ទះ ដើម្បីបំបាត់ភស្តុតាង និងបិទបាំងការពិតនោះ គឺកម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវ និងឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែកញ្ញា  ឆ្នាំ២០២០ ក្រោយការកើតឡើងនៃអំពើឃាតកម្មនេះរយៈពេល១សប្តាហ៍ ស្ថិតក្នុងនៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ 

រហូតដល់ថ្ងៃសុក្រទី២៥ កញ្ញា ឆ្នាំ២០២០ ជនសង្ស័យត្រូវបានកម្លាំងប៉ូលិសស្រុកជាំក្សាន្ត បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋានប៉ូលិសខេត្តព្រះវិហារ ដើម្បីសុំគោលការណ៍សម្រេច និងឯកភាព ពីស្នងការប៉ូលិសខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា និងបញ្ជូនបន្តទៅកាន់តុលាការខេត្តព្រះវិហារ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២០។

លោកអធិការប៉ូលិសស្រុកជាំក្សាន្តបន្តថា ជនរងគ្រោះជាប្រពន្ធត្រូវបានជនសង្ស័យជាប្តី សម្លាប់កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០  ហើយជនសង្ស័យបានអូសសាកសពប្រពន្ធ យកទៅកប់ចោលក្នុងដីឡូតិ៍ក្រោយផ្ទះ មានចម្ងាយ៦៣ម៉ែត្រ នៅព្រលប់ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២០ ដើម្បីបំបិទ ភស្តុតាង ហើយការបែកធ្លាយរឿងបាត់ស្ត្រីជាជនរងគ្រោះគឺដោយសារកូនទូរស័ព្ទអត់ចូល និងកូនក៏បានទូរស័ព្ទសួរជនសង្ស័យជាឪពុក តែឪពុកឆ្លើយថា «អត់ដឹងទៅណាទេព្រោះបាត់២-៣ថ្ងៃមកហើយ»។ 

លោកអធិការបន្តទៀតថា ក្រោយពីទទួលដំណឹង ពីការបាត់ខ្លួនជនរងគ្រោះ ដោយមិនដឹងមូលហេតុនោះមក លោកប្រធានភូមិស្ទឹងខៀវតេជោ ក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗដែរ  ហើយកម្លាំងសមត្ថកិច្ចបានសហការរួមគ្នា បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការណែនាំពី ស្នងការខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ហើយកម្លាំងជំនាញបានចុះស្រាវជ្រាវដល់ផ្ទះជនរងគ្រោះ រហូតកំណត់មុខសញ្ញាជនសង្ស័យជាប្តី ហើយឈានដល់ការឃាត់ខ្លួន ព្រមទាំងនាំទៅចង្អុលបង្ហាញកន្លែងដែលខ្លួនយកប្រពន្ធទៅកប់ចោល។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា «ខ្លួនបានសម្លាប់ប្រពន្ធពិតប្រាកដមែន, សម្លាប់ដោយចាប់ក្បាលបោកនឹងឥដ្ឋការ៉ូ ក៏ព្រោះតែខឹងនឹងប្រពន្ធចេះតែរករឿងកាប់ខ្លួនជារៀងរហូតមក»៕


 

adverise with khmeread