អាមេនីព្រមានប្រើមីស៊ីលកំណាចរបស់រុស្ស៊ី បើតួកគីហ៊ានយកយន្តហោះ F-16 មកជួយអាហ្សៃបៃហ្សង់

ក្រុមមន្រ្តីអាមេនីបានទទូចកាលពីថ្ងៃចន្ទថា ប្រទេសអាមេនីបានត្រៀមប្រើមីស៊ីល Iskander ដែលផលិតនៅប្រទេសរុស្ស៊ីនៅក្នុងតំបន់ជម្លោះ Nagorno-Karabakh ប្រសិនបើប្រទេសតួកគីដាក់ពង្រាយយន្តហោះចម្បាំងធន់ធ្ងន់ F-16 ដែលផលិតនៅអាមេរិកដើម្បីគាំទ្រដល់ការវាយលុករបស់អាហ្សៃបៃហ្សង់។

ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលក្រុងយ៉េរ៉េវ៉ាន់ បាននិយាយថា ខ្លួនសង្ឃឹមថាស្ថានភាពនឹងមិនកើនឡើងដល់កម្រិតមួយនោះទៅចុះ។

ឯកអគ្គរដ្ឋទូតអាមេនីប្រចាំនៅប្រទេសរុស្ស៊ីលោក Vardan Toganyan បាននិយាយកាលពីថ្ងៃចន្ទថា "រាល់វិធានការទាំងអស់ រួមទាំងគ្រាប់មីស៊ីល Iskander" ស្ថិតនៅលើតុអស់ហើយ ប្រសិនបើរដ្ឋធានីអង់ការ៉ារបស់តួកគីដាក់ពង្រាយយន្តហោះចម្បាំងនេះ។

ទោះយ៉ាងណាលោកបានបន្ថែមថា ពេលវេលាសម្រាប់គ្រានោះមិនទាន់មកដល់ទេ។ យោងតាមសម្តីរបស់លោក ​​Toganyan ប្រព័ន្ធការពារដែនអាកាសនៅក្នុងតំបន់នេះ គឺគ្រប់គ្រាន់ដើម្បីដោះស្រាយជាមួយដ្រូនតួកគី និងដ្រូនអាហ្សៃបៃហ្សង់ ដែលគេប្រើរហូតមកដល់ពេលនេះ។

9K720 Iskander គឺជាគ្រាប់មីស៊ីលចល័ត ដែលជាប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់រុស្ស៊ី ដែលត្រូវបានបម្រើការជាមួយយោធាអាមេនី។ រដ្ឋាភិបាលក្រុងយ៉េរ៉េវ៉ាន់បាននិយាយថា ខ្លួនបានបើកចំហសម្រាប់ការដាក់ពង្រាយគ្រាប់មីស៊ីល Iskander ក៏ដូចជាយន្តហោះវាយប្រហារលើដីធន់ធ្ងន់ Su-25 ប្រសិនបើវាចាំបាច់ ដើម្បីឱ្យស៊ីគ្នាទៅនឹងការកើនឡើងកម្តៅកាន់តែខ្លាំងឡើងរបស់អាហ្សៃបៃហ្សង់ នៅក្នុងជម្លោះដែលកំពុងបន្តលើតំបន់ប្រទាញប្រទង់របស់ប្រទេសទាំងពីរ៕ ប្រភព RT

adverise with khmeread