កុំចេះតែសរសេរផ្តេសផ្តាសនៅលើអ៊ីនធឺណេតថៃ! បុរសអាមេរិកម្នាក់អាចនឹងជាប់គុក២ឆ្នាំគ្រាន់តែបញ្ចេញមតិអវិជ្ជមានលើសណ្ឋាគារមួយ

បុរសជនជាតិអាមេរិកម្នាក់កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំនៅប្រទេសថៃ បន្ទាប់ពីបានបង្ហោះពីការវាយតម្លៃអវិជ្ជមានទៅលើសណ្ឋាគារមួយកន្លែងដែលគាត់បានស្នាក់នៅ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃអង្គារទី២៩កញ្ញា។

គាត់ត្រូវបានប្តឹងដោយសណ្ឋាគាររមណីយដ្ឋានមួយនេះ ក្រោមច្បាប់ប្រឆាំងនឹងបរិហាកេរ្តិ៍យ៉ាងតឹងរ៉ឹងរបស់ប្រទេស។

លោក Wesley Barnes ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ បានបង្ហោះពីការវាយតម្លៃជាច្រើនទៅលើវេបសាយផ្សេងៗជាច្រើន ដោយចោទប្រកាន់សណ្ឋាគាររមណីយដ្ឋាននេះថាជា "ទាសភាពសម័យទំនើប"។

ទោះជាយ៉ាងណាក្តី សណ្ឋាគាររមណីយដ្ឋាន Sea View Resort បាននិយាយថាការរិះគន់យ៉ាងចាស់ដៃពីសំណាក់អតីតភ្ញៀវរូបនេះ គឺមិនពិត និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះសណ្ឋាគារ។

ប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ម្ចាស់សណ្ឋាគារបានដាក់ពាក្យបណ្តឹងមួយ ដែលចុងចោទបានបង្ហោះការវាយតម្លៃយ៉ាងអយុត្តិធម៌លើសណ្ឋាគាររបស់គាត់នៅលើគេហទំព័រ TripAdvisor"។

ឧបទ្ទវហេតុនេះដែលបានកើតឡើងនៅឯរមនីយដ្ឋាននៅលើកោះ Chang កាលពីដើមឆ្នាំនេះ ជាក់ស្តែងត្រូវបានបញ្ឆេះដោយការជជែកទាស់ទែងមួយជុំវិញលោក Barnes ចង់នាំយកស្រាផ្ទាល់ខ្លួនរបស់គាតចូលសណ្ឋាគារ ខណៈដែលកំពុងទទួលទានអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានរបស់សណ្ឋាគារ។

សេចក្តីថ្លែងការណ៍សណ្ឋាគារបានលើកឡើងថា គាត់បានបង្កឱ្យមានភាពច្របូកច្របល់ ហើយបានបដិសេធមិនបង់ប្រាក់សម្រាប់ស្រាទំពាំងបាយជូមួយដប ដែលនៅទីបំផុតត្រូវបានលើកលែង នៅពេលដែលអ្នកគ្រប់គ្រងបានធ្វើអន្តរាគមន៍។

ចាប់តាំងពីគាត់បានចាកចេញ លោក Barnes បានបង្ហោះការវាយតម្លៃអវិជ្ជមានជាច្រើនលើសណ្ឋាគារមួយនេះ ដែលរឿងហេតុបន្ទាប់គឺសណ្ឋាគារនេះបានប្តឹងគាត់ពីបទបរិហាកេរ្តិ៍៕

adverise with khmeread