ឃាត់ខ្លួនបុរសម្នាក់វាយឱ្យរបួសដោយសារតែរឿងប្រចណ្ឌប្រពន្ធជាមួយនឹងជនរងគ្រោះ

កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីបានប្រើអំពើហិង្សាដោយចេតនាវាយទៅលើបុរសម្នាក់ឱ្យរបួស ដោយសារតែរឿងប្រចណ្ឌប្រពន្ធជាមួយនឹងជនរងគ្រោះ ដែលហេតុការណ៍ខាងលើនេះកើតឡើង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៥នាទីព្រឹកនៅចំណុចផ្លូវលំភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះលួត សុខរស់ ភេទប្រុស អាយុ២៦ឆ្នាំទីលំនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរកសិករ។ ចំណែកជនសង្ស័យឈ្មោះ សឿន ច្រូច ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:មិនពិតប្រាកដ (ឃាត់ខ្លួន)។

សមត្ថកិច្ចបន្តថា ខណៈពេលដែលជនរងគ្រោះកំពុងតែជិះកង់ម្នាក់ឯង ពេលនោះស្រាប់តែឃើញជនសង្ស័យជិះកង់បញ្ច្រាសទិសគ្នាមកពីមុខដល់ទន្ទឹមបានធ្វើសកម្មភាពដាល់ទៅលើមុខជនរងគ្រោះចំនួនពីរដៃ បណ្តាលឱ្យហូរឈាមច្រមុះនិងជាំក្រោមភ្នែកខាងឆ្វេងដោយសាររឿងប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយជនរងគ្រោះ រួចហើយជិះកង់គេចខ្លួនបាត់ទៅ។

បន្ទាប់ជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិនធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕


 

adverise with khmeread