រថយន្តបើកបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅស្រុកស្អាង

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់​កើតឡើង នាថ្ងៃ អង្គារទី២៩ ខែ កញ្ញា ឆ្នាំ២០២០​ វេលាម៉ោង​៦និង៣០នាទីយប់ នៅលើផ្លូវលេខ១២១០ ស្ថិតក្នុងភូមិគោកសណ្ដែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ដំបូងឈ្មោះ​ ញ៉​ ស៊ីដា​ ភេទប្រុស​អាយុ​៣៦ឆ្នាំ មានទីលំនៅភូមិព្រែកអ៉ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ​លក់បន្លែ បានបើកម៉ូតូ ម៉ាក PCX ពណ៌ស​លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ​ 1PP-0382 (ស្លាប់នៅកន្លែងកើតហេតុ)​ មិនពាក់មួកសុវត្ថិភាព​ បានបើកបរក្នុងទិសដៅ ពីជើងទៅត្បូង។  

ខណៈពេលបើកមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូតទៅបុកជាមួយរថយន្ដ​ម៉ាក​សាំងយ៉ុង ពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ 2AO-9472 ដែលកំពុងបើកបញ្ច្រាសទិសគ្នាពីត្បូងទៅជើង បណ្ដាលឱ្យដួលម៉ូតូ ធ្វើឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុអ្នកបរបររថយន្ដបានរត់គេចខ្លួន។   

បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​សមត្ថកិច្ចបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ ហើយយកវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ 
ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ប៉ូលិសសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរ ដោយមានការធ្វេសប្រហែស ខ្ជីខ្ជា​ ខ្វះ​ការ​ប្រុង​ប្រយ័ត្នទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង​៕ 


 

adverise with khmeread