បើកម៉ូតូលឿនពេករថយន្តក៏លឿនមកដល់ផ្លូវបែកជាបួនបុកគ្នាស្លាប់ម្នាក់​, របួសធ្ងន់២នាក់នៅ សង្កាត់ស្រះចក

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់និងបុរស២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD បុកពេញទំហឹង កើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា​ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR8 កែងផ្លូវR៣ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ​ ព្រឿម សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសំណង់ផ្នែកជាងបៀក ស្នាក់នៅម្ដុំកាំកូស៊ីធី មានស្រុកកំណើតនៅភូមិពោធិ៍២​ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 

​បើតាមសម្តីសន្តិសុខដែលយាមនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញជនជាតិចិនពីរនាក់រួមដំណើរជាមួយបុរសជនជាតិខ្មែរម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AX-9188 ធ្វើដំណើរតាមបណ្តោយផ្លូវR៣ទិសដៅពីជើងទៅត្បូង​។

លុះមកដល់ចំណុចផ្លូវបែកជាបួន​ក៏បានបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ 1AL-1753​ ជិះដោយបុរស៣នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវR8 ទិសដៅពីកើតទៅលិច​  បុកពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ដួលបោកក្បាលលើថ្នល់ស្លាប់ភ្លាមៗ:​ ចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​។ 

បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់រាប់សិបម៉ែត្រ​តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញក៏នាំគ្នាឃាត់បានមកវិញ និងឃាត់ខ្លួនជនជាតិខ្មែរអ្នករួមដំណើរម្នាក់ ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំ។​ ចំណែកជនជាតិចិន ២នាក់ទៀតបានគេចខ្លួនពីកន្លែងកើតហេតុបាត់ទៅ។

​ក្រោយមក​សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។​ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread