ឃាត់សន្តិសុខកាស៊ីណូប្លាទីនអន្តរជាតិម្នាក់យកកាំបិតចាក់មិត្តរួមការងារឱ្យស្លាប់

ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ប្រើកាំបិតចុងស្រួចចាក់លើជនរងគ្រោះម្នាក់បណ្តាលឱ្យស្លាប់ កាលយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅខាងក្រោយសណ្ឋាគារខ្សាច់ស ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបានប៉ូលិសចាប់ខ្លួនបានភ្លាម។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះហ៊ាប រតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខកាស៊ីណូប្លាទីនអន្តរជាតិ បានយកកាំបិតចុងស្រួចចាក់ទៅលើឈ្មោះអេល ហាម៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសន្តិសុខដូចគ្នា ត្រូវចំគល់ដោះខាងឆ្វេងបណ្តាលឱ្យរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត។ មូលហេតុនៃអំពើហិង្សានេះកើតឡើងដោយសារ មានទំនាស់គ្នាពេលប្រចាំការនិងធ្វើអនាម័យនៅកន្លែងយាម។

សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសក្រុងព្រះសីហនុដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕


 

adverise with khmeread