adverise with khmeread 1

ល្បែង​ឱប​ត្រឡាច ឬ បេះ​ឪឡឹក​

​    ​ល្បែង​ខ្មែរ មាន​ច្រើនបែប ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុងពេល​ថ្ងៃ ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុង​ពេលយប់​ខែភ្លឺ ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុងពេល​បុណ្យចូលឆ្នាំ​ជាដើម ល្បែង​ខ្លះ​គេ​លេង​មិន​កំណត់ពេល​។​

​    ​ល្បែង​ដែល​លេង​តែ​ក្នុង​ពេលយប់​ខែភ្លឺ ហើយ​មិនចាំបាច់​មានបុណ្យ​ទាន​អ្វី​នោះ មាន​ល្បែង​ឱ​ប​ ត្រឡាច ឬ​បេះ​ឪឡឹក​ ជាដើម​។ ល្បែង​នេះ​ជា​ល្បែង​កំសាន្ត​សប្បាយ របស់​ពួក​កុមារា កុមារី នៅ​គ្រប់​និគមជនបទ​នៃ​ប្រទេស​កម្ពុជា​។​

​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ​៖

​    ​របៀប​លេង មុនដំបូង ពួក​កុមារ​ប្រុស​ស្រី ស្រុះស្រួល​ចិត្ត​បបួលគ្នា​ឲ្យ​មាន​ចំនួន​ច្រើន រួចហើយ​គេ​ចាត់​ម្នាក់​ឲ្យ​ធ្វើ​ត្រឡាច ឬ​ឪឡឹក ម្នាក់ទៀត​ឲ្យ​ធ្វើ​អ្នកទិញ សល់​ប៉ុន្មាន​គេ​ឲ្យ​ធ្វើ​ត្រឡាច ឬ​ឪឡឹក​ទាំងអស់ ហើយ​អ្នកលេង​ទាំង​នោះគេ​សំដៅ​ទៅរក​គល់ឈើ ឬ​ដង្គត់​អ្វីមួយ ឲ្យ​តែមាន​ទំហំ​ល្មម​ឱប​បាន ដោយ​ហោចទៅ​សសរផ្ទះ​ក៏បាន​ដែរ ឲ្យ​តែ​ជាទី​វាល​ស្រឡះ​ល្អ​។  កាល​បាន​កន្លែង​ស្រួលបួល​ហើយ ក្មេង​ម្នាក់​ជា​អ្នក​ទី​១ ក្នុង​បណ្ដា​ក្មេង​ដែល​គេ​ឲ្យ​ធ្វើ​ត្រឡាច ឬ​ឪឡឹក​នោះ អង្គុយ​ឱប​ដើមឈើ ឬ​សសរ​នោះ​ទាំង​ជើង​ទាំង​ដៃ ក្មេង​ម្នាក់ទៀត​ជា​អ្នក​ទី​២  អង្គុយ​ឱប​ចង្កេះ​យក​ជើង​ទាំងពីរ​ដាក់​លើ​ភ្លៅ​ក្មេង​ទី​១ ក្មេង​ទី​៣ យកដៃ និង​ជើង​ឱប​ក្មេង​ទី​២ ដូច​ក្មេង​ទី​២ ឱប​ក្មេង​ទី​១ ដែរ ឯ​ក្មេង​ដទៃទៀត​ក៏​បន្ត​គ្នា​រហូត​ទាល់តែ​អស់​ពួកក្មេង​ដែល​ត្រូវធ្វើ​ត្រឡាច ឬ​ឪឡឹក​។ ឯ​ក្មេង​ម្នាក់​ដែល​គេ​ធ្វើជា​ម្ចាស់​ត្រឡាច ឬ​ឪឡឹក​ឈរ​ធ្វើ​ព្រងើយ ដើរ​រេរាៗ​ក្បែរ​ក្មេង​ជា​ត្រឡាច ឬ​ឪឡឹក​ទាំងនោះ ហើយ​ក្មេង​ម្នាក់ទៀត ដែល​គេ​ឲ្យ​ធ្វើជា​អ្នកទិញ​មក​សួរ​តថ្លៃ​អ្នកលក់ បីដូច​ជា​គេ​ទិញ​ធម្មតា​។ តថ្លៃ​គ្នា​ត្រូវរ៉ូវ​ហើយក៏​ឲ្យ​អ្នកទិញ​បេះ​តាមចិត្ត​។ អ្នកទិញ​ក៏​ដើរ​យកដៃ​គោះ​ខ្នង​ក្មេង​ដែល​អង្គុយ​ឱប​គ្នា​នោះ​។ គោះ​បណ្ដើរ​សួរ​បណ្ដើរ​ថា ខ្ចី ឬ​ទុំ ?​។ អ្នក​បន្តៗ​ពី​ដើម​ទៅ ចេះតែ​ឆ្លើយថា ខ្ចីៗ លុះដល់​ចុង​ផ្លែ​បំផុត​ទើប​ឆ្លើយថា ទុំ រួច​អ្នកទិញ​ក៏​បេះយក​អ្នក​នៅ​ចុង​គេ​បំផុត​នោះ​ទៅ ដោយ​ខំប្រឹង​ទាញ​មែនទែន ព្រោះ​អ្នក​អង្គុយ​ឱប​គ្នា​គេ​ខំប្រឹង​ឱប​ចំកោង​ខ្នង​តែ​រៀងខ្លួន​តាំងពី​អ្នក​ខាងចុង​រហូត​អ្នក​ខាង​គល់ រេ​ចុះ​រេ​ឡើង ដោយ​អ្នក​បេះ​ប្រឹង​ទាញ​ខ្លាំងពេក​។ អ្នក​បេះ​ក៏​បេះ​ប្រឡេះ​បាន​មួយ​ម្ដង​ដរាប​ដល់​អស់​មនុស្ស​ជួនកាល​ក៏​បេះ​បាន​ប៉ុន្មាន​យកមក​ដាក់​មួយ​ដុំ បើ​អ្នកទិញ​បេះ​មិនបាន ដោយ​កម្លាំង​ខ្សោយ​ជាងគេ​នោះ ក៏​រើ​លេង​សាជាថ្មី​ម្ដងទៀត​។ ឯ​អ្នកលក់ អ្នកទិញ​ទ្រ​ឡា​ច​ទៅធ្វើជា​អ្នក​ឱប ហើយ​អ្នក​ឱប​មុន​ក៏​ប្ដូរ​ទៅធ្វើជា​អ្នកលក់​អ្នកទិញ​វិញ​។ គេ​ធ្វើ​តែ​របៀបនេះ​រហូតដល់​ពេល​ឈប់​លេង​។​

​    ​ល្បែង​នេះ​ជា​កីឡា​របស់​ខ្មែរ​សម័យបុរាណ សម្រាប់​ហាត់​ដៃ​ហាត់​ជើង​ឲ្យ​មាន​កំលាំង​ពលំ​មាំមួន ឲ្យ​មាន​សាច់ដុំ​ល្អ មាន​សុខភាព​ស្រួលបួល​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

មតិយោបល់