adverise with khmeread 1

ល្បែង​លាក់កន្សែង​

​    ​ល្បែង​លាក់កន្សែង ជា​ល្បែង​មួយ​យ៉ាង​របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល​តែង​លេង​សំរាប់​ជាទី កំសាន្ត​សប្បាយ នៅ​ពេលយប់​ខែភ្លឺ​ក្នុង​រដូវចូលឆ្នាំ ឬ​នៅពេល​ជា​ចន្លោះ​ការ​ហត់នឿយ​ម្ដងៗ​។​

​    ​មុនដំបូង ពួកក្មេងៗ​គេ​បបួលគ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើងទៅ ឲ្យ​អង្គុយច្រហោង​ដំកង់​ជាវ​ង់​មូល ដាក់​ដៃ​ទាំងពីរ​ទៅមុខ​លើ​ក្បាលជង្គង់​ក្នុង​ទីណា​មួយ​ដែលជា​ទីវាល​ស្រឡះ រាបស្មើ​ល្អ​។ ហើយ​គេ​យក​កន្សែង ឬ​ក្រមា​តូច​មួយ​មក​រុំ​មូល​ឆ្មូល​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ជាយ​បន្តិច​សម្រាប់​កាន់ យួរ​បាន សន្ម​ត់​ហៅថា កន្សែង មាន​ម្នាក់​ក្រោក​ចេញទៅ​ក្រៅ​វង់​កាន់​កន្សែង​នោះ ដើរ​ព័ទ្ធជុំវិញ​យ៉ាង​លឿន ពី​ខាង​ក្រោយខ្នង​អ្នក​អង្គុយ បញ្ឆោត​អ្នក​អង្គុយ​មិន​ឲ្យ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ក្រោយខ្នង​អ្នកណា​។​

​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​ខាងមុខនេះ​៖

​    ​ល្បែង​នេះ មាន​ត្រណម​យ៉ាង​តឹងរឹង​មិន​ឲ្យ​អ្នកលេង​ងាកក្រោយ ឬ​លូកដៃ​ទៅក្រោយ​ខ្នង បើ​អ្នក​ណាមួយ​ហ៊ាន​ងាក ឬ​លូក​ស្ទាប​ខ្នង ក្រោយខ្នង អ្នក​លាក់​គេ​មានអំណាច​ដាក់ទណ្ឌកម្ម​អ្នកនោះ មិន​ឲ្យ​ឡើង​លាក់កន្សែង ឬ​គេ​ឲ្យ​អ្នកនោះ​អង្គុយ​ធ្មេចភ្នែក​ក៏បាន ស្រេច​តែ​គេ​ដាក់ទោស​យ៉ាងណា​តាមចិត្ត​គេ​ស្ម័គ្រ​។ អ្នក​លាក់ លុះ​រត់​ក្រឡឹង​អ្នក​អង្គុយ ២-៣ ជុំ​ហើយ មើល​តែ​អ្នកណា​អង្គុយ​បែប​ភ្លេចខ្លួន គេ​ក៏​ដាក់​កន្សែង​ក្រោយខ្នង​អ្នកនោះ​ភ្លាម រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បី​ឲ្យ​ឆាប់​រក​ដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ​។ បើ​អ្នក​ដែល​ត្រូវគេ​លាក់កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​ខ្លួន លុះ​អ្នក​លាក់​គេ​រត់​ក្រឡឹង​មក​ម្ដងទៀត​ចាប់យក​កន្សែង​នោះបាន​មុន គេ​ទុក​អ្នក​លាក់​នោះ​ជា​ឈ្នះ ត្រូវមាន​អំណោយ​រើសយក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់ត​។​

​    ​តែបើ​អ្នក​អង្គុយ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ចំ​ក្រោយខ្នង​ខ្លួន ហើយ​ចាប់យក​កន្សែង​បាន​មុន​អ្នក​លាក់​រត់​មកដល់ គេ​ទុក​អ្នក​អង្គុយ​នោះ​ជា​ឈ្នះ ត្រូវមាន​អំំណាច​ក្រោក​ឡើង​ចាប់​កន្សែង​ដេញ​គក់​អ្នក​លាក់​នោះ​វិញ តែបើ​អ្នក​នោះគេ​រត់​ទៅដល់​កន្លែង​ចន្លោះ​អង្គុយ​បាន​ទៅ អ្នក​កាន់​កន្សែង​នោះ មិនត្រូវ​គក់​គេ​ទេ ត្រូវ​រត់​ក្រឡឹង​អ្នក​អង្គុយ​ដំកង់ ដើម្បី​នឹង​លាក់​តទៅទៀត គឺថា អ្នក​លាក់​ពីមុន​ត្រូវ​ទៅ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង​បាន​ក្នុង​វង់ ដដែល​។​

​    ​គេ​លេង​តែ​របៀបនេះ​រហូតដល់​ពេល​ឈប់​។ ជួនកាល​អ្នកខ្លះ​មិនដែល​បាន​ឡើង​លេង​លាក់កន្សែង​នឹង​គេ​ម្ដង​សោះ​ក៏មាន ព្រោះ​គេ​លាក់កន្សែង​ក្រោយខ្នង​ខ្លួន ខ្លួន​មិនដឹង រវល់​តែ​គេ​គក់​ខ្នង​បាន​រាល់ពេល​។​

​    ​ល្បែង​នេះ គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឲ្យ​មាន​ស្មារតី​រឹងប៉ឹង រហ័សរហួន ឲ្យ​មាន​ប្រាជ្ញា​វាងវៃ ហាត់​ទម្លាប់ខ្លួន​ឲ្យ​ចេះ​ប្រុងស្មារតី​ជានិច្ច​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

មតិយោបល់