អាយុគ្រាន់តែជាតួលេខ! អ្នករត់ម៉ូតូឌុបម្នាក់សម្រេចចិត្តចូលរៀនសាកលវិទ្យាល័យនៅអាយុ៣៥ឆ្នាំ ដើម្បីអនាគតរុងរឿងជាងរត់ម៉ូតូ

លោក Nguyen Duc Tam ធ្វើការជាអ្នករត់ម៉ូតូឌុបក្នុងទីក្រុងហូជីមិញឱ្យក្រុមហ៊ុន Grab ប៉ុន្ដែគាត់នឹងចាប់ផ្ដើមចូលសាកលវិទ្យាល័យក្នុងពេលឆាប់ៗនេះ ដោយសង្ឃឹមថាមានជីវភាពរុងរឿងជាងនេះ។

ក្នុងខែតុលាខាងមុខនេះ Nguyen Duc Tam នឹងចាប់ផ្ដើមឆ្នាំទីមួយក្នុងសាកលវិទ្យាល័យ Cao Thang Technical ដើម្បីសិក្សាកម្មវិធីបច្ចេកវិជ្ជាវិស្វកម្មអគ្គិសនីកម្តៅសម្រាប់ម៉ាស៊ីនត្រជាក់។

Tam រស់នៅក្នុងបន្ទប់តូចមួយក្នុងសង្កាត់ប៊ិញចាន់ ជាមួយនឹងមិត្តរួមបន្ទប់របស់គាត់ដែលរត់ម៉ូតូឌុបដែរ ដោយជួលក្នុងតម្លៃ ១,៣លានដុង (៥៦ដុល្លារ) ក្នុងមួយខែ។ បន្ទប់នេះបានក្លាយជាផ្ទះរបស់គាត់ចាប់តាំងពីគាត់បានមករស់នៅក្នុងទីក្រុងហូជីមិញបីឆ្នាំកន្លងមកនេះដើម្បីធ្វើការរត់ម៉ូតូឌុប។

ដោយកើតក្នុងគ្រួសារធំមួយក្នុងតំបន់ដីសណ្តរទន្លេមេគង្គ ខេត្តវីឡុង កុមារភាពរបស់ Tam គឺរស់នៅក្នុងខ្ទមមួយប៉ុណ្ណោះ។

គាត់មានការងារជាច្រើន បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យដោយធ្វើការជាអ្នកយាមដីគេ យាមកន្លែងចំណតឡាន អ្នកលក់ដូរ និងអ្នកដឹកជញ្ជូន ដែលគ្មានការងារណាអាចផ្តល់ប្រាក់ខែគ្រប់គ្រាន់នោះឡើយ។ ហើយគាត់ក៏ត្រូវផ្គត់ផ្គង់ប្អូនស្រីពិការរបស់គាត់ថែមទៀតផង។ ហើយវាក៏ជាមូលហេតុដែលគាត់ត្រូវផ្លាស់ទីលំនៅទៅទីក្រុងហូជីមិញដើម្បីរកចំណូល។

ហើយការងារដែលកំពុងរកលុយបាន បែរជារកលែងកើតដោយសារកូវីដ១៩។ ក្រោយមកគាត់គេងមិនលក់ និងបានជជែកជាមួយនឹងនិស្សិតមួយចំនួន ហើយគាត់ក៏រកឃើញគន្លឹះជីវិតថ្មី ដោយសម្រេចចូលសិក្សាក្នុងសាកលវិទ្យាល័យ។ ហើយនៅអាយុ៣៥ឆ្នាំដូចគាត់ គឺមិនទាន់ហួសពេលទេ។ ប៉ុន្មានខែក្រោយមក គាត់ក៏ត្រូវបានទទួលដោយសាកលវិទ្យាល័យ Cao Thang Technical College៕ 

adverise with khmeread