ម៉ូតូ២គ្រឿងបើកបុកគ្នារបួសធ្ងន់ស្រាល៣នាក់នៅស្រុកកៀនស្វាយ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់ និង រងរបួសស្រាល២នាក់កើតឡើង នាថ្ងៃព្រហស្បតិ៍ទី ០១ ខែ តុលា ឆ្នាំ២០២០វេលាម៉ោង៦ និង ២៥ នាទីនៅលើបណ្តោយផ្លូវជាតិលេខ១ស្ថិតនៅក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូ ០១គ្រឿងម៉ាក​ Scoopy.i ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HM-8568 បើកបរដោយឈ្មោះ សុខ ស្រីណាត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវផ្សារកៀនស្វាយផ្លាហ្សា។

លុះមកដល់ចំណុចផ្លូវជាតិក៏ឆ្លងផ្លូវទៅទិសខាងកើត(ផ្សារគគីរ)ក៏ជ្រុលទៅបុកម៉ូតូ០១គ្រឿងទៀតម៉ាក Honda Dream c ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1R-2605 បើកបរដោយឈ្មោះ ម៉ុន ពេញ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិគ្រួស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង (រងរបួសធ្ងន់) និងប្រពន្ធម្នាក់ទៀតជិះពីក្រោយរងរបួសស្រាល អ្នករបួសទាំងបី បានបញ្ជូនទៅព្យាបាលរបួលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។

ចំណែកម៉ូតូទាំង២ ត្រូវបានកម្លាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយធ្វើការវាស់វែងយករក្សាទុកជាវត្ថុតាង និងបន្តនីតិវិធី។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ករណីខាងលើបណ្តាលមកពីភាគីខាងម៉ូតូម៉ាក Scoopy.i បើកបរគ្មានការប្រុងប្រយ័ត្នពេលឆ្លងផ្លូវមិនពិនិត្យគ្រប់ជ្រុងជ្រោយ។ ចំណែកអ្នកបើកបរម៉ូតូម៉ាក Honda dream c១២៥បើកក្នុងល្បឿនលឿនមិនមើលផ្លូវមានឧបសគ្គនៅខាងមុខ៕


   

adverise with khmeread