សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីឃាត់មនុស្ស៧នាក់នៅក្រុងពោធិ៍សាត់

ពោធិ៍សាត់ ៖ កម្លាំងប៉ូលិសអន្តរាគមន៍ និងកម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលរលាប ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការក្រុងបានចុះបង្រ្កាបបទល្មើស២ករណី នៅចំណុចផ្លូវលំដីក្រហម ស្ថិតនៅភូមិឆ្លងកាត់ និងចំណុចកន្លែងឆ្លាក់រូប ស្ថិតនៅភូមិអូរថ្កៅ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យបាន ៧នាក់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង៣៨នាទី ។

លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការប៉ូលិសក្រុងពោធិ៍សាត់ បានឱ្យដឹងថា កិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀននេះ គឺសមត្ថកិច្ចបានធ្វើសកម្មភាពជាបន្តបន្ទាប់ ដោយប្រតិបត្តិការទី១ ធ្វើឡើងនៅចំណុចផ្លូវលំដីក្រហម ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ បង្ក្រាបករណីរក្សាទុក ជួញដូរសារធាតុញៀន និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដែលជាលទ្ធផលសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០៤នាក់ រួមជាមួយវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន០៨កញ្ចប់(ធំ០៣កញ្ចប់តូច០៥កញ្ចប់), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង, កាំបិតកែច្នៃចំនួន០១ និងកាបូបចំនួន០៣។

លោកអធិការបន្តថា ចំណែកកិច្ចប្រតិបត្តិទី២ គឺធ្វើឡើងនៅចំណុចកន្លែងឆ្លាក់រូប ស្ថិតនៅភូមិអូរថ្កៅ សង្កាត់រលាប ក្រុង- ខេត្តពោធិ៍សាត់ បង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យ៣នាក់ រួមនិងវត្ថុតាងរួមមាន ឧបករណ៍ជក់០១កំប្លេ, សំបកថង់ថ្នាំញៀនដែលជក់អស់០១ចំនួន, ទូរស័ព្ទដៃចំនួន០១គ្រឿង និងកំបិតកែច្នៃចំនួន០១ដើម។ 

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកកាន់អធិការដ្នានប៉ូលិសក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

adverise with khmeread