រថយន្ត Lexus បើកបុកបង្គោលភ្លើង ផ្ទាំងប៉ាណូនិងម៉ូតូស្លាប់ម្នាក់, របួសម្នាក់នៅសង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកបង្គោលភ្លើង ផ្ទាំងប៉ាណូ និងម៉ូតូបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរបួស​ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះលេខ១៣៧៩ តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចនិយាយថា ដំបូងគេឃើញបុរសម្នាក់បើករថយន្ត Lexus RX-300 ពណ៌ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2K-9487 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ២ទិសដៅពីជើងទៅត្បូងដោយប្រីល្បឿនលឿន។​ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងថ្ម២បាក់រាបដល់ដី និងបន្តទៅបុករថយន្តចតស្ងៀមទៅមុខផ្ទះចំនួន២គ្រឿងម៉ាកកាមរី (ឆ្លាម) និងកូរ៉ូណា ហើយរថយន្តបង្កហេតុបានបន្តទៅបុកស្លាកយីហោវេរលុយ១ផ្ទាំងបាក់រាបដល់ដី។

ចុងក្រោយក៏បុកម៉ូតូម៉ាក MOOVE ពណ៌ខៀវ-សស្លាកលេខភ្នំពេញ 1TZ-9309 បើកបរដោយឈ្មោះ វី សេងតុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបុរី៩៩៩ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ)និងអ្នករួមដំណើររងរបួសបញ្ជូនទៅពេទ្យបាយ័ន។​ចំណែកអ្នកបើករថយន្តបង្ករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅប៉ូលិសជំនាញក្រុងចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

adverise with khmeread