មនុស្សរាប់រយនាក់មកអង្គុយស្តាប់ការសារភាពទោសរបស់ឃាតករជប៉ុនដ៏ល្បីម្នាក់ ដែលសម្លាប់មនុស្ស៩នាក់ស្គាល់តាម Twitter

បុរសជនជាតិជប៉ុនម្នាក់បានសារភាពទោសកំហុសចំពោះការសម្លាប់មនុស្សចំនួន៩នាក់ បន្ទាប់ពីបានទាក់ទងពួកគេនៅលើបណ្តាញសង្គម Twitter ក្នុងករណីដ៏ល្បីមួយដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសមួយនេះ។ នេះយោងតាម BBC ផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១តុលានេះ។

ដោយត្រូវបានគេដាក់រហស្សនាមថា "ឃាតករ Twitter" លោក Takahiro Shiraishi ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីបំណែកសាកសពត្រូវបានរកឃើញនៅក្នុងផ្ទះរបស់គាត់។

គាត់បានប្រាប់ទៅកាន់តុលាការក្នុងក្រុងតូក្យូកាលពីថ្ងៃពុធថា ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងគាត់ គឺ "ត្រូវទាំងស្រុង"។

ប៉ុន្តែមេធាវីរបស់គាត់បានអះអាងថា ការចោទប្រកាន់ទោសរបស់គាត់គួរតែត្រូវបានបន្ធូរបន្ថយ ពីព្រោះជនរងគ្រោះរបស់គាត់បានយល់ព្រមឱ្យគេសម្លាប់។

ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទឃាតកម្មលោក Shiraishi ប្រឈមនឹងទោសប្រហារជីវិត ដែលត្រូវបានអនុវត្តដោយការព្យួរកនៅប្រទេសជប៉ុន។

ទូរទស្សន៍ NHK បានរាយការណ៍ថា រឿងក្ដីមួយនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានមនុស្សជាង ៦០០នាក់តម្រង់ជួរគ្នាសម្រាប់កន្លែងអង្គុយនៅសាលសាធារណៈចំនួន១៣ ដើម្បីបើកសវនាការដំបូងនៅថ្ងៃពុធម្សិលមិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត