កូនស្រីអាយុ១៥ឆ្នាំធ្វើអាហារទ្រាប់ពោះមួយពេលសោះបណ្តាលឱ្យឆេះផ្ទះម៉ត់

អាហារទ្រាប់ពោះនាពេលកណ្តាលអាធ្រាត្រមួយស្ទើរតែក្លាយទៅជាសោកនាដកម្មដ៏អាក្រក់ ពេលដែលក្មេងស្រីអាយុ១៥ឆ្នាំមួយរូប បានដុតផ្ទះរបស់នាងដោយចៃដន្យ ខណៈព្យាយាមចម្អិនដំឡូងបារាំង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី១តុលា។

លោកស្រី Linda Barrett វ័យ ៥៥ឆ្នាំ ដែលជាម្តាយកូនស្រីបីនាក់ អាចគេចេញពីអគ្គីភ័យបានកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីប្រេងចម្អិនដំឡូងបានឆាបឆេះភ្លាមៗ។ 

ភ្លើងបានរាលដាលពេញផ្ទះរបស់ពួកគេក្នុងតំបន់ Glenhaven ស្ថិតនៅជាយក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយបំផ្លិចបំផ្លាញចង្ក្រានបាយ បន្ទប់ទទួលទានអាហារ បន្ទប់ទទួលភ្ញៀវ និងជាន់ខាងលើ។

អ្នកពន្លត់អគ្គីភ័យរហូតដល់ទៅ ១៥នាក់បានធ្វើអន្តរាគមន៍ភ្លាមៗ ហើយចំណាយពេលជាច្រើនម៉ោងដើម្បីព្យាយាមជួយសង្គ្រោះដល់ក្រុមគ្រួសារមួយនេះ។

កូនស្រីដែលមានអាយុ១៣, ១៥ និង១៨ឆ្នាំ និងម្តាយរបស់ពួកគេ រួមទាំងឆ្កែពីរក្បាលនៅក្នុងផ្ទះគឺមានសុវត្ថិភាព។ 

ម្តាយក្មេងស្រីបាននិយាយថា នាងមិនមានអារម្មណ៍ "ខឹងសម្បា" ទៅលើកូនស្រីអាយុ ១៥ឆ្នាំរបស់ខ្លួននោះទេ ហើយបាននិយាយថាវាពិតជាសំខាន់ជាងដែលមិនមាននរណាម្នាក់មានបញ្ហា។

យ៉ាងណាក្តីអ្វីដែលជារឿងដ៏សោកសៅបន្ថែមទៀតសម្រាប់លោកស្រី Barrett ពេលដែលក្រុមហ៊ុនធានារ៉ាប់រ៉ងរបស់គាត់បានប្រាប់ថា លោកស្រីមិនត្រូវបានធានាសម្រាប់ភ្លើងឆេះផ្ទះនោះទេ។

ស្រ្តីរូបនេះបានបង់ថ្លៃធានារ៉ាប់រងចំនួនពីរដាច់ដោយឡែកពីគ្នាទៅលើឡាន Jeep របស់នាងជំនួសទៅលើផ្ទះរបស់ខ្លួន។

នាងបាននិយាយថា ជីវិតដ៏មមាញឹកនៃស្ត្រីមេម៉ាយរូបនេះបានបណ្តាលឱ្យនាងខកខានកំហុសដ៏សាមញ្ញមួយនេះ ដែលបណ្តាលឱ្យគ្រួសារខាតបង់ការការពារផ្ទះ ដែលពួកគេត្រូវការចាំបាច់បំផុត។

ក្រុមគ្រួសារនេះត្រូវបានគេប្រាប់ថា ពួកគេនឹងត្រូវចំណាយប្រហែល ៣៥០.០០០ដុល្លារដើម្បីជួសជុលផ្ទះរបស់ពួកគេទាំងស្រុង៕

adverise with khmeread