adverise with khmeread 0

​តើ​ប្រវត្តិសាស្ត្រ​នឹង​ច្រំ​ដែល​ដែរឬទេ​ក្នុងការ​ប្រកួត​រវាង Barcelona និង Atletico Madrid ក្នុង​យប់​នេះ​?

    ​ក្រុម​អ្នកមាន​បុណ្យ Barcelona ប្រហែលជា​ភ្លាត់​ដំណើរ​មិនចេះ​ចាញ់​ដ៏​យូរ​របស់​ពួកគេ​កាលពី​សប្តាហ៍​មុន​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង Real Madrid ប៉ុន្តែ​ពួកគេ​កំពុងស្ថិត​ក្នុង​ទីតាំង​ប្រជែង​ពាន La Liga, Copa del Rey និង Champions League នៅឡើយ​។ ពួកគេ​នៅតែ​ដាច់​ប្រាំមួយ​ពិន្ទុ​ពី​ក្រុម Atletico Madrid ហើយ​យប់​នេះ Barcelona នឹង​សម្លឹង​រក​ឱកាស​ដើម្បី​បំបាក់​គូសត្រូវ​ចាស់​ដែល​បាន​បំបាក់​ពួកគេ​កាលពី​ឆ្នាំ ២០១៤ ក្នុង​ក្របខ័ណ្ឌ Champions League នេះ​។ កាលពី​ពី​រដូវ​កាល​មុន ក្រុម Atletico Madrid បានធ្វើ​បាបចិត្ត​អ្នកមាន​បុណ្យ​ទាំងពីរ​ជើង​ក្នុង​កម្មវិធី​នេះ ដោយ​ជើង​ទីមួយ ពួកគេ​ធ្វើបាន ១-១ និង​ជើង​ទី​ពីរ Atletico បាន​បំបាក់ Barcelona ១-០ ក្នុងផ្ទះ​របស់ខ្លួន​។ ប៉ុន្តែ​ក្នុង​រដូវ​កាល​នេះ Barcelona នឹង​ត្រៀម​ជើង​សងសឹក​អតីតកាល​ដ៏​ជូរចត់​នេះ ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​នៅក្នុង​ក្របខ័ណ្ឌ La Liga ដោយ​បំបាក់ Atletico ទាំងពីរ​ជើង​ក្នុង​លទ្ធផល ២-១ អាចជា​ក្តីសង្ឃឹម​សម្រាប់​ពួកគេ​ដើម្បី​ឈ្ពោះ​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ Barcelona មិនទាន់​ចាញ់​សូម្បី​តែមួយ​ប្រកួត​នៅក្នុង​ផ្ទះ​ក្នុង​តំបន់​អឺរ៉ុប​គិតពី​ឆ្នាំ ២០១៣ មក ហើយ​ពួកគេ​ឈ្នះ ៣០ ប្រកួត​ទៅហើយ ក្នុងចំណោម ៣៧ ប្រកួត​ដែល​បាន​លេង​ក្នុងផ្ទះ​។ ដូច្នេះ​នេះ​ជា​ស្ថិតិ​ដែល Atletico គួរ​ប្រុងប្រយ័ត្ន​។​

​    ​ឬ​ឯ Atletico វិញ ពួកគេ​ធ្វើ​មិន​បានល្អ​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង Champions League រដូវ​កាល​នេះ ដោយ​ចាញ់ Benfica នៅក្នុង​ផ្ទះ​ដ៏​មិន​នឹកស្មាន​ក្នុង​លទ្ធផល ២-១ ប៉ុន្តែ​ពួកគេ​បាន​ស្តារ​មុខមាត់​ឡើងវិញ​ដោយ​ឈ្នះ ៥ ប្រកួត និង​ស្មើ ២ ប្រកួត (​គិត​ទាំង​វគ្គ ១៦ ក្រុម​ចុងក្រោយ​)​។ អ្វីដែល​គួរ​សម្គាល់​នោះ​គឺ ពួកគេ​តែងតែ​ធ្វើឱ្យ​ការប្រកួត​តឹងតែង​។ ប៉ុន្តែ​ក្តីបារម្ភ​ដ៏​ធំ​សម្រាប់​ក្រុម​អ្នកគាំទ្រ​នោះ​គឺ តាំងពី​លោក Luis Enrique ចូលមក​ដឹកនាំ Barcelona ក្នុង​ខែឧសភា ឆ្នាំ ២០១៤ មក ជំនួប ៦ ប្រកួត​ចុងក្រោយ Atletico ចាញ់ អ្នកមាន​បុណ្យ​រហូត  ដូច្នេះ​ការប្រកួត​នេះ ក្រុម​អ្នកមាន​បុណ្យ​ពិតជា​មានប្រៀប​ជាង Atletico ពិតមែន បើ​គិត​តាម​ស្ថិតិ​ចុងក្រោយ​។​

​    ​*​ចំណុច​សំខាន់​សម្រាប់​ការប្រកួត​នេះ​

​    ​- ក្រុម Barcelona ឈ្នះ ៦ ស្មើ ៥ និង​ចាញ់ ១ ក្នុងជំនួប ១២ ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Atletico
​    ​- ក្រុម Barcelona មិនទាន់​ត្រូវបាន​បំបាក់​នៅឡើយ​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ​
​    ​- ក្រុម Barcelona មិនទាន់​ចាញ់​សូម្បី​តែមួយ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League តាំងពី​ឆ្នាំ ២០១៣ មក​

​    ​បន្ទាប់ពី​ចាញ់ Real Madrid រួចមក Barcelona ច្បាស់​ជា​ក្តៅស្លឹកត្រចៀក​ខ្លាំងណាស់​ហើយៗ​ច្បាស់​ជា​ចង់យក Atletico ធ្វើជា​ផ្ទាំង​ស៊ី​បរ​បស់​ពួកគេ ប៉ុន្តែ​យើង​មិនអាច​មើលស្រាល Atletico បានឡើយ ព្រោះ​ពួកគេ​ដូច​ខ្មោច​ចេញ​ខ្មោច​ចូល​អ៊ីចឹង ហើយ​ពួកគេ​មានកំណត់​ត្រា​ល្អជា​មួយ Barcelona ក្នុង​ក្របខ័ណ្ឌ​នេះ​ទៀត ដូច្នេះ​យើង​ទស្សន៍ទាយ​ថា ការប្រកួត​នេះ​ច្បាស់​ជា​តឹង​ជាក់​ជាមិនខាន​៕

adverise with khmeread

មតិយោបល់